(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការនាំចេញអង្ករក្នុងខែទីមួយ នៃឆមាសទី២ ឆ្នាំ២០២១ ចាប់ផ្តើមងើបឡើងបន្តិច ខណៈរយៈពេល៧ខែ កម្ពុជានាំចេញអង្ករបាន៣០ម៉ឺនតោន ទទួលចំណូល២២៣លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែសីហានេះ។
សហព័ន្ធស្រូវអង្ករបានបញ្ជាក់ថា ក្នុងខែកក្កដា ឆ្នាំ២០២១ នេះ ការនាំចេញអង្កររបស់កម្ពុជា បានចំនួន ២៩,៤១៥ តោនគិតជាទឹកប្រាក់ចំនួន ២១.១៨លានដុល្លារ មានការកើនឡើងចំនួន ៣.៥៣% បើធៀបទៅនឹងបរិមាណនាំចេញក្នុងខែកក្កដា ឆ្នាំ ២០២០ ឬ កើន ១១.១០% បើធៀបទៅបរិមាណនាំចេញក្នុងខែកក្កដា ឆ្នាំ២០១៩។
ទោះបីជា ស្ថានភាពនៃកង្វះទូកុងតែន័រនៅតែបន្ត តម្លៃកប៉ាល់ទៅកាន់ទីផ្សារនៅក្នុងសហគមន៍អ៊ឺរ៉ុបនៅតែបន្តឡើងថ្លៃ តែស្ថានភាពទីផ្សារតម្រូវបានជំរុញឱ្យការនាំចេញអង្ករកម្ពុជា ចាប់ផ្តើមដំណើរការ ជាពិសេសការបំពេញការនាំចេញ លើកិច្ចសន្យាដែលខកខាន ឬ ពន្យារពេលកន្លងមក។
សម្រាប់ខែកក្កដានេះ ការនាំចេញអង្ករក្រអូបប្រណិតបានចំនួន ៤៥%, អង្ករក្រអូបធម្មតា( សែនក្រអូប) ៣៥%, អង្ករស បាយទន់ ១៧% ហើយអង្ករចំហុយបានចំនួន ៣% ដែលអង្ករទាំងនោះចំនួន ៣៦.២១% ទៅកាន់សហគមន៍អ៊ឺរ៉ុប ៣៦.១៣% នាំទៅកាន់ប្រទេសចិន ៧.៨៨%ទៅកាន់ទីផ្សារសហគមន៍អាស៊ាន និង ១៩.៧៩%ទៅកាន់ទីផ្សារផ្សេងៗចំនួន ២២ គោលដៅដូចជា ហ្កាប៊ុង អូស្ត្រាលី អង់គ្លេស ញ៉ូហ្សេលេន..ជាដើម។
សម្រាប់ការនាំចេញស្រូវ ជាពិសេសស្រូវប្រាំងដែលបាននិងកំពុងប្រមូលផល ក្នុងខែកក្កដា នេះបានចំនួន ៣២៥ ៤២៨ តោន គិតជាទឹកប្រាក់ចំនួនប្រមាណជា៧៨លានដុល្លាសហរដ្ឋអាមេរិក។ ការនាំចេញស្រូវក្នុងខែកក្កដា ឆ្នាំ២០២១ នេះមានការកើនឡើងគួរឱ្យកត់សំគាល់ ទោះបីជាមានការរាំងស្ទះខ្លះដោយសាវិធានការសុវត្ថិភាពប្រឆាំងកូវីដ ១៩ នៅតាមព្រំដែនជាមួយប្រទេសវៀតណាម ត្រូវបានរឹតបន្តឹងក៏ដោយ។
ប្រទេសកម្ពុជាបាននិងកំពុងប្រមូលផលស្រូវប្រាំងជុំទី២ ចន្លោះពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១ លើផ្ទៃដី៥៦៣ ៣៩៤ហិកតា ហើយរំពឹងនឹងទទួលបានទិន្នផល ប្រមាណ ២.៨២លានតោន។
សហព័ន្ធបញ្ជាក់ទៀតថា ជារួមការនាំចេញអង្ករសរុប ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១ បានចំនួន ៣០៩៨៦៥ តោន គិតជាទឹកប្រាក់ចំនួន ២២៣.៨៥លាន ដុល្លាសហរដ្ឋអាមេរិក ហើយការនាំចេញស្រូវបានចំនួន ២ ០០៨ ២៤១ តោន គិតជាទឹកប្រាក់ចំនួន ជាង ៥០៣.០៩លានដុល្លារសហរដ្ឋអាមេរិក។ ចំណូលដុលសម្រាប់វិស័យស្រូវអង្ករកម្ពុជា បានពីការនាំចេញ មានចំនួន ៧២៦.៩៤លានដុល្លារសហរដ្ឋអាមេរិក៕