(ភ្នំពេញ)៖ លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានស្នើឲ្យភាគីចិន គួរសិក្សាពីលទ្ធភាព មកវិនិយោគនៅកម្ពុជា ក្នុងការបង្កើនការវិនិយោគ ក្នុងវិស័យកសិកម្ម សិប្បកម្ម និងការកែច្នៃម្ហូបអាហារ ដើម្បីធ្វើការនាំចេញទៅបំពេញសេចក្តីត្រូវការ នៅប្រទេសចិន។
ការស្នើបែបនេះធ្វើឡើងក្នុងឱកាសដែល លោក សុខ សុភ័ក្ដ្រ អញ្ជើញចូលរួម ក្នុងវេទិកាកម្រិតខ្ពស់ នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២៖ ដំណើរឆ្ពោះ ទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ។
លោក សុខ សុភ័ក្ដ្រ បានបញ្ជាក់យ៉ាងដូច្នេះថា «ភាគីចិនគួរ សិក្សាពីលទ្ធភាពមកវិនិយោគនៅកម្ពុជា លើវិស័យចិញ្ចឹមសត្វ, វារីវប្បកម្ម, កសិកម្ម និងកែច្នៃគ្រឿង ឧបភោគបរិភោគ, កៅស៊ូ, ផលិតផលកសិកម្មសម្រាប់នាំចេញ, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សិប្បកម្ម ជាដើម សម្រាប់នាំចេញត្រឡប់ទៅបំពេញ សេចក្តីត្រូវការនៅចិនវិញ ជាជាងនាំចូលនូវផលិតផលទាំងនោះ ពីទីផ្សារដែលមិនមានស្ថិរភាព ឬពីប្រទេសដែលតែងតែបង្កជំលោះពាណិជ្ជកម្មជាមួយខ្លួន»។
លោក សុខ សុភ័ក្ដ្រ បានគូសបញ្ជាក់ថា ផលិតផលដែលគួរមកវិនិយោគនៅកម្ពុជា ទាំងនោះ រួមមាន៖ ត្រី សាច់ស្រស់ និងបង្កកគ្រប់ប្រភេទ, បន្លែ និងផ្លែឈើស្រស់ និងកែច្នៃ, ផលិតផលធ្វើពីទឹកដោះ, គ្រាប់ធុញ្ញជាតិ និងម្រេច, អង្ករ, ប្រេងឆា និងផលិតផលខ្លាញ់, ស្បែកសត្វ, ស្កសរ, និងកៅស៊ូ ជាដើម។
លោក សុខ សុភ័ក្ដ្រ បានបន្ថែមទៀតថា ចំពោះផលិតផលរៀបរាប់ខាងលើនេះ ប្រទេសចិន បាននាំចូលក្នុងតម្លៃរាប់សិបពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ ហើយគួរបង្វែមកវិនិយោគ និងនាំចេញពីប្រទេសកម្ពុជា ដែលជាមិត្តដែកថែបរបស់ចិន។
មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងបង្កើនល្បឿន ក្នុងការធ្វើវិសោធនកម្មច្បាប់ និងរចនាសម្ព័ន្ធស្ថាប័ន ព្រមទាំងដាក់ចេញនូវវិធានការសម្រួលពាណិជ្ជកម្ម តាមរយៈព្រាងនូវច្បាប់វិនិយោគថ្មី ដែលផ្តល់ឱកាសដូចគ្នា ដល់វិនិយោគិនបរទេស និងវិនិយោគិនកម្ពុជា, កំពុងធ្វើវិសោធនកម្មច្បាប់មួយចំនួន ដែលបង្កលក្ខណៈល្អប្រសើរ ដល់ការចូលមកធ្វើធុរកិច្ច ព្រមទាំងកំពុងបង្កើតតុលាការពាណិជ្ជកម្ម ផងដែរ។
ទន្ទឹមនោះ កម្ពុជាកំពុងរៀបចំវិធានការ និងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩ ដែលតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការ និងការបើកច្រកទីផ្សារដោយមិត្តចិន និងការចូលមកវិនិយោគលើវិស័យចិញ្ចឹមសត្វ, វារីវប្បកម្ម, កសិកម្ម និងកែច្នៃកៅស៊ូ និងកសិផលសម្រាប់នាំចេញ, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សិប្បកម្ម, ជាដើម -ល-។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោក សុខ សុភ័ក្ដ្រ។
បើតាមលោក សុខ សុភ័ក្ដ្រ បើគិតលើទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រាប់រយៈពេល៦ខែ នៃឆ្នាំ២០២១នេះ ទោះបីជាប្រទេសទាំងពីរ បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីវិបត្តិកូវីដ១៩ក៏ដោយ ក៏កំណើនពាណិជ្ជកម្ម នៅតែមានការកើនទ្បើងចំនួន៣១% គឺបានក្នុងតម្លៃជិត ៥ ០០០ លានដុល្លារអាមេរិក បើធៀបនឹងរយៈពេល៦ខែដូចគ្នា ក្នុងឆ្នាំ២០២០ ដែលតម្លៃត្រឹមតែ ៣ ៧០០ លានដុល្លារអាមេរិកតែប៉ុណ្ណោះ។
ការនាំចេញពីកម្ពុជាទៅចិន តែងតែមានកំណើនជាមធ្យមប្រមាណពី ៦-១០% ក្នុងមួយឆ្នាំៗ ព្រោះសេដ្ឋកិច្ចនៃប្រទេសទាំងពីរ បានបំពេញឲ្យគ្នាទៅវិញទៅមក យ៉ាងល្អ។
ជាទូទៅកម្ពុជាបាននាំចេញទៅចិន នូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ហើយនាំចូលពីចិនមកវិញ នូវផលិតផលសម្រាប់បម្រើ ឲ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារនិងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាសនិងក្រដាសកាតុង ជាដើម៕