(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ឲ្យដឹងថា រាល់ការចុះបញ្ជីទាំងអស់ នៅក្រសួងពាណិជ្ជកម្ម គឺសុទ្ធតែធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក ហើយមិនមានលក្ខណៈលំបាក ឬភាពស្មុគស្មាញអ្វីនោះទេ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៉ែន សុវិជាតិ អញ្ជើញចូលរួម ក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «ហេតុអ្វីអ្នកលក់តាមអនឡាញ ចាំបាច់ត្រូវទៅចុះបញ្ជី នៅក្រសួងពាណិជ្ជកម្ម?»។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់ជម្រាបជូនថា រាល់ការចុះបញ្ជីទាំងអស់ ទាំងការចុះបញ្ជី ជាលក្ខណៈក្រុមហ៊ុននីតិបុគ្គល និងការផ្ដល់សេវា របស់ក្រសួងពាណិជ្ជកម្ម និយាយជារួមសុទ្ធតែធ្វើឡើង តាមប្រព័ន្ធអេឡិចត្រូនិក [...] យើងអត់មាន បង្កនូវលក្ខណៈលំបាក ឬភាពស្មុគស្មាញអ្វីនោះទេ»។
បន្ថែមពីនោះទៀត មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម រូបនេះ បានលើកឡើងថា រាល់ការផ្ដល់សេវាប្រឹក្សាយោបល់ នៃការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋក៏អាចទូរស័ព្ទសាកសួរ មកកាន់នាយកដ្ឋានចុះបញ្ជី ដែលមានកាតព្វកិច្ច ក្នុងការផ្ដល់សេវាពិគ្រោះយោបល់នេះផងដែរ។
លោក ប៉ែន សុវិជាតិ បានឲ្យដឹងទៀតថា ក្រសួងពាណិជ្ជកម្ម អត់មានបង្កនូវលក្ខណៈលំបាក ឬភាពស្មុគស្មាញអ្វីនោះទេ សម្រាប់ការចុះបញ្ជី ទាំងការចុះបញ្ជីក្រុមហ៊ុនសហគ្រាស ក៏ដូចជាការចុះបញ្ជី និងការផ្ដល់អាជ្ញាប័ណ្ណ តាមប្រព័ន្ធអេឡិចត្រូនិក។
គួររំលឹកថា បើតាមលោក ប៉ែន សុវិជាតិ នាយកដ្ឋានចុះបញ្ជី នៃក្រសួងពាណិជ្ជកម្ម នឹងកំណត់កាលបរិច្ឆេទ ក្នុងការអនុវត្តច្បាប់ ដើម្បីផាកពិន័យ ទៅដល់អ្នករកស៊ីតាមអនឡាញ ដែលមិនបានមកចុះបញ្ជីត្រឹមត្រូវ ជាមួយក្រសួង។
គោលបំណង ដែលក្រសួងពាណិជ្ជកម្ម ជំរុញឲ្យអ្នកប្រកបរបរតាមអនឡាញ មកចុះបញ្ជីនៅពេលនេះ ដោយសារតែចង់ឲ្យការធ្វើអាជីវកម្ម តាមប្រព័ន្ធអនឡាញ ប្រព្រឹត្តឡើងប្រកបដោយទំនុកចិត្ត ដោយបង្កើនផលប្រយោជន៍ជាច្រើន ដល់ធុរជន ទាំងធុរជនរូបវន្ដបុគ្គល និងនីតិបុគ្គល ព្រមទាំងផ្ដល់ប្រយោជន៍ ដល់អ្នកប្រើប្រាស់៕