(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា អ្នកវិនិយោគព្រលានយន្តហោះថ្មី នៅក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្តកោះកុង, បាត់ដំបង និងមណ្ឌលគិរី បានពន្យារការវិនិយោគទៅលើការសាងសង់ព្រលានយន្តហោះ ដោយរង់ចាំមើល លើវិស័យដឹកជញ្ជូនល្អប្រសើរឡើងវិញ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកវិនិយោគព្រលានយន្តហោះ ពិតជាមានការបារម្ភ ដោយសារថា ការរីករាលដាលជំងឺកូវីដ១៩ មានស្ថានភាព ធ្ងន់ធ្ងរ ដូច្នេះអ្នកវិនិយោគពួកគាត់ មិនមានភាពច្បាស់លាស់ ក្នុងការគណនាថា ពេលណាជំងឺនេះ មានភាពធូរស្បើយ ហើយពេលណាទើបការដឹកជញ្ជូន មានការរីកចម្រើនឡើងវិញ នេះហើយជាកត្តាធ្វើឲ្យពួកគាត់ មានការពន្យារពេលវិនិយោគ ទៅលើព្រលានយន្តហោះ»។
ក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «វិស័យដឹកជញ្ជូនផ្លូវអាកាស និងការសាងសង់ព្រលានយន្តហោះថ្មីៗ នៅកម្ពុជា» លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងទៀតថា ការពន្យារពេលវិនិយោគ ទៅលើព្រលានយន្តហោះនេះ រួមមាន៖
ទី១៖ ព្រលានយន្តហោះ ដែលស្ថិតនៅខេត្តកោះកុង ដែលត្រូវវិនិយោគដោយ ក្រុមហ៊ុន Bangkok Airway ជាមួយក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី យ៉ុងផាត់
ទី២៖ ព្រលានយន្ដយន្តហោះ ដែលស្ថិតនៅខេត្តបាត់ដំបង ដោយមានក្រុមហ៊ុនច្រើន បាននិងកំពុងចរចា ហើយក្រោយមក ក៏មានការស្ងាត់ទៅវិញ
និងទី៣៖ ព្រលានយន្តហោះ ដែលស្ថិតនៅខេត្តមណ្ឌលគិរី ដោយលោកជាអ្នកកាន់ផ្ទាល់ គឺមិនមានអ្វីជាឧបសគ្គនោះទេ។
លោក ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា អ្នកទទួលសិទ្ធិក្នុងការសាងសង់ គឺមានការបារម្ភព្រោះថា នៅពេលគាត់វិនិយោគនៅពេលនេះ ពិបាកនឹងទទួលមកវិញនូវចំណូលត្រឡប់មកវិញ។ ដូច្នេះពួកគាត់ពន្យារពេលមើលស្ថានភាពនៃជំងឺកូវីដ១៩សិន។
លោកបន្ថែមទៀតថា ចំពោះព្រលានយន្តហោះមណ្ឌលគិរី ក្រុមហ៊ុនវិនិយោគ ត្រូវការពេលវេលាខ្លះ ដើម្បីឲ្យពួកគាត់គិតឡើងវិញ និងគណនាឡើងវិញ ពីការសាងសង់អាកាសយានដ្ឋានថ្មីនេះ តែជាទូទៅមិនឃើញមានឧបសគ្គអ្វីកើតមានទេ គឺគ្រាន់តែត្រូវការពេលវេលា ដើម្បីបំពេញនូវក្រដាសស្នាម លក្ខខណ្ឌ និងកិច្ចព្រមព្រៀងមួយចំនួនប៉ុណ្ណោះ ដែលពួកគាត់ត្រូវអនុវត្ត។
លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា សម្រាប់ដំណើរការរៀបចំ លើលិខិតបែបបទចំពោះគម្រោងព្រលានយន្តហោះនៅមណ្ឌលគិរី អាចនឹងចាប់ផ្ដើមដំណើរ នៅចុងឆ្នាំ២០២១នេះ។
សូមជម្រាបថា គម្រោងសាងសង់ព្រលានយន្តហោះថ្មីៗទាំង៣នេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសពីការវិនិយោគ ដើម្បីបង្កើនសក្តានុពលវិស័យសេដ្ឋកិច្ច និងទេសចរណ៍។
គម្រោងវិនិយោគព្រលានយន្តហោះថ្មី នៅខេត្តកោះកុង ជាការវិនិយោគរួមគ្នា ដោយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន Bangkok Airway របស់ថៃ ដែលមានទំហំទឹកប្រាក់ប្រមាណ៤០លានដុល្លារអាមេរិក។ ដំបូងឡើយ គម្រោងវិនិយោគនេះ គ្រោងសាងសង់លើដីអតីតព្រលានយន្តកោះកុង ស្ថិតនៅក្រុងខេមរភូមិន្ទ ប៉ុន្តែដោយសារមានផលប៉ះពាល់ច្រើននោះ ទើបមានការផ្លាស់ប្តូរទីតាំងថ្មី ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង លើផ្ទៃដី៤០០-៦០០ហិកតា។
ដោយឡែក អាកាសយានដ្ឋានខេត្តមណ្ឌលគិរី គ្រោងសាងសង់លើផ្ទៃដី៣០០ហិកតា ដែលកំពុងស្ថិតក្នុងដំណាក់សិក្សា ហើយបើតាមការប៉ាន់ស្ថាន អាចនឹងវិនិយោគប្រមាណជាង៦០លានដុល្លារ។
ចំណែកអាកាសយានដ្ឋានបែកចាន ខេត្តបាត់ដំបង ត្រូវបានកែលម្អឡើងវិញ ដើម្បីបម្រើដល់វិស័យទេសចរ និងការដឹកជញ្ជូន សម្រាប់រយៈពេលខ្លី និងមធ្យម។ គម្រោងនេះ ស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ៕