(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចលុបចោលអាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិ របស់ប្រតិបត្តិករប្រៃសណីយ៍ ចំនួន៦ ក្រុមហ៊ុន។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកក្កដានេះ។
ក្រុមហ៊ុនទាំង៦ ដែលក្រសួងបានសម្រេចលុបអាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិរួមមាន៖
* ក្រុមហ៊ុន AWG TRUCKING SERVICE CO., LTD. និងក្រុមហ៊ុន MYGO (CAMBODIA) CO., LTD. ដោយមូលហេតុអាជ្ញាបណ្ណហួសសុពលភាព។
* ក្រុមហ៊ុន ZHONG WAITONG EXPRESS LOGISTIC CO., LTD., ក្រុមហ៊ុន AIR EXPRESS WORLDWIDE INC., ក្រុមហ៊ុន S. SHIPPING CO., LTD. និងក្រុមហ៊ុន ANGKOR E-BOOKING CO., LTD. ដោយមូលហេតុក្រុមហ៊ុនបានដាក់ពាក្យស្នើសុំឈប់ធ្វើអាជីវកម្ម។
ក្រសួងបន្តថា កន្លងទៅខ្លួនបានចេញសេចក្តីជូនដំណឹងដល់ប្រតិបត្តិករប្រៃសណីយ៍ទាំងអស់ឱ្យគោរពតាមច្បាប់ស្តីពីវិស័យប្រៃសណីយ៍ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ប៉ុន្តែប្រតិបត្តិករមួយចំនួន នៅតែមិនអនុវត្ត ឬអនុវត្តមិនទាន់បានពេញលេញ ស្របតាមច្បាប់ ឬលក្ខខណ្ឌនៃអាជ្ញាបណ្ណនៅឡើយ។ ដូចនេះ ក្នុងករណីប្រតិបត្តិករណានៅតែបន្តគេចវេសមិនអនុវត្តតាមច្បាប់ និងមិនគោរពលក្ខខណ្ឌនៃអាជ្ញាបណ្ណ ប្រតិបត្តិករទាំងនោះនឹងប្រឈមការព្យួរអាជ្ញាបណ្ណជាបណ្តោះអាសន្ន ឬលុបអាជ្ញាបណ្ណ៕