(ភ្នំពេញ)៖ ច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានចាប់ផ្តើមអនុវត្តហើយ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ដោយមន្រ្តីស៊ើបអង្កេត របស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម។
លោក ផាន អូន ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់នេះ នឹងជំរុញឲ្យការប្រកួតប្រជែង ក្នុងវិស័យពាណិជ្ជកម្ម ប្រព្រឹត្តទៅប្រកបដោយសមធម៌។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ផាន អូន បានឲ្យដឹងថា ស្របពេលដែលអនុវត្ដច្បាប់នេះ មានវិធានការមួយចំនួន ក៏ត្រូវបានដាក់ឲ្យអនុវត្តផងដែរ ដោយរួមមាន៖ វិធានការពិន័យអន្តរការណ៍ ទណ្ឌកម្មផ្នែករដ្ឋបាល និងទណ្ឌកម្មដោយតុលាការ មានសមត្ថកិច្ច។
លោក ផាន អូន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. បានចុះស៊ើបអង្កេត ស្រាវជ្រាវ និងបានរកឃើញបទល្មើស មួយចំនួន នៅតាមបណ្តាទីតាំង អាជីវកម្មនានា ដោយបានអនុវត្តវិធានការ ពិន័យអន្តរការណ៍ចំពោះម្ចាស់អាជីវកម្ម ដែលបានប្រព្រឹត្តបទល្មើសផងដែរ។
លោកបន្ដទៀតថា ការអនុវត្តវិធានការច្បាប់ ចំពោះអំពើល្មើស និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ នឹងបង្កើតបាននូវបរិយាកាស នៃការប្រកួតប្រជែង ក្នុងវិស័យ ពាណិជ្ជកម្ម សេវាកម្ម ប្រកបដោយយុត្តិធម៌ សមធម៌ ផ្តល់នូវទំនុកចិត្តរវាងអ្នកប្រើប្រាស់ និងធុរជន ដែលជាកត្តាជំរុញឲ្យមានកំណើន អតិថិជនសម្រាប់ធុរជន ដែលប្រកបអាជីវកម្មដោយសុចរិត។
លោក ផាន អូន បានបញ្ជាក់យ៉ាងដូច្នេះថា «ការអនុវត្តវិធានការច្បាប់ ចំពោះអំពើល្មើស នឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ គឺដើម្បីការពារផលប្រយោជន៍ អ្នកប្រើប្រាស់ ទប់ស្កាត់ការប្រព្រឹត្តអំពើ និងសកម្មភាពមិនសុចរិត ការពារផលប្រយោជន៍ពាណិជ្ជករ បង្កើនផលិតភាព និងជំរុញឲ្យការប្រកួតប្រជែង ក្នុងវិស័យពាណិជ្ជកម្ម ប្រព្រឹត្តទៅប្រកបដោយសមធម៌»។
បើតាមប្រកាសអន្ដរក្រសួង ស្ដីពី នីតិវិធីពិន័យអន្ដរការណ៍ លើអំពើល្មើសនឹងច្បាប់ ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ និងក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. មានភារកិច្ច៖
* ចេញកំណត់ត្រា ស្ដីពីបណ្ណពិន័យអន្តរការណ៍
* ចេញវិក្កយបត្របង់ប្រាក់ពិន័យអន្តរការណ៍ ទទួលប្រាក់ពិន័យអន្តរការណ៍ និងចេញបង្កាន់ដៃបង់ប្រាក់ឲ្យបុគ្គលល្មើស ក្នុងករណីទទួលប្រាក់ពិន័យអន្តរការណ៍ ដោយផ្ទាល់ជាសាច់ប្រាក់ ឬជាមូលប្បទានបត្រ
* គ្រប់គ្រងវិក្កយបត្រ បង្កាន់ដៃបង់ប្រាក់ និងប្រាក់ចំណូលពីការពិន័យអន្តរការណ៍
* ចេញលិខិតជូនដំណឹងក្រើនរំលឹកចំពោះបុគ្គលល្មើស ឲ្យមកបង់ប្រាក់ពិន័យអន្តរការណ៍មិនឲ្យហួសកាលបរិច្ឆេទចុងក្រោយ ក្នុងករណីបុគ្គលនោះ មិនបានបង់ប្រាក់ពិន័យ ក្នុងរយៈពេល១៥ថ្ងៃ
* កសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ជាធរមាន ទៅតុលាការមានសមត្ថកិច្ច ក្នុងករណីបុគ្គលល្មើស មិនបានបង់ប្រាក់ពិន័យអន្តរការណ៍ នៅក្នុងរយៈពេលកំណត់៕