(ភ្នំពេញ)៖ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា បញ្ហាដឹកជញ្ជូននៅជាឧបសគ្គ ធ្វើឲ្យការនាំចេញអង្ករកម្ពុជា ទៅទីផ្សារអន្ដរជាតិធ្លាក់ចុះ ដោយសារតម្លៃដឹកជញ្ជូនកើនឡើងពី៥ ទៅ១០ដង បើធៀបពេលមុនមិនទាន់មានបញ្ហាជំងឺកូវីដ១៩។
ការលើឡើងបែបនេះឧកញ៉ា សុង សារ៉ន ធ្វើឡើងក្នុងកិច្ចសម្ភាសក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» លើប្រធានបទ «ការថយចុះនៃការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិ»។
ឧកញ៉ាបញ្ជាក់ថា ប្រទេសជឿនលឿនមួយចំនួន បានបើកសេដ្ឋកិច្ច ធ្វើឲ្យមានតម្រូវការខ្ពស់ នៅបណ្ដាលប្រទេសទាំងនោះ។ ជាទូទៅមិនមែនតែទំនិញស្បៀងមួយមុខទេ គឺទំនិញស្ទើរតែទាំងអស់ ទទួលផលរំខាននៃការក្រោកឡើងវិញនូវសេដ្ឋកិច្ចនេះ គឺធ្វើឲ្យប៉ះពាល់ដល់ទំនិញធុនធ្ងន់ ដូចជាស្រួវ-អង្ករនេះ ដែលពិបាកនឹងរកកុងតឺន័រ ដោយកុងតឺន័រមួយភាគធំ ត្រូវបានយកទៅដឹកទំនិញស្រាលៗ ដើម្បីបំពេញសេចក្ដីត្រូវការ របស់ប្រទេសទាំងនោះ។
លោកឧកញ៉ាបន្តថា «តម្រូវការបញ្ជាទិញយើងមាន តែយើងជួបវិបត្តិលើការដឹកជញ្ជូន ដោយពុំមានលទ្ធភាពរកកុងតឺន័រ ហើយតម្លៃដឹកជញ្ជូន មានការកើនឡើងពី៥ ទៅ១០ដង។ បើយើងពិនិត្យមើលទីតាំង និងតម្លៃកាលពីឆ្នាំ២០១៩ ជាពិសេសទៅសហគមអឺរ៉ុប មានការកើនឡើងខ្លាំងស្ទើរតែ១០ដង បើធៀបមុនពេលផ្ទុះជំងឺកូវីដ១៩»។
ឧកញ៉ាបានបន្ថែមថា «ការឡើងថ្លៃដឹកជញ្ជូននេះ ធ្វើឲ្យអ្នកបញ្ជាទិញមួយចំនួន មានការស្ទាក់ស្ទើរ ព្រោះតម្លៃអង្ករស្ទើរតែស្មើនឹងតម្លៃដឹកជញ្ជូនទៅហើយ។ ជាក់ស្ដែងបើពិនិត្យមើលទៅអង្ករក្នុងមួយកុងតឺន័រប្រហែល ១ម៉ឺន៥ពាន់ដុល្លារ ទៅ២ម៉ឺនដុល្លារទេ ហើយបើដឹកជញ្ជូនយើងត្រូវបង់អស់៧ពាន់ដុល្លារ ទៅ១ម៉ឺនដុល្លារ ដូច្នេះវាស្ទើរតែជិត៥០% នៃតម្លៃទំនិញត្រូវបានទូទាត់ឲ្យក្រុមហ៊ុនដឹកជញ្ជូន»។
លោកថា យ៉ាងណាក៏ដោយ ក៏នៅមានអ្នកបញ្ជាទិញ ប៉ុន្តែមានការធ្លាក់ចុះ ព្រោះអ្នកបញ្ជាទិញដែលហ៊ានបង់លុយទិញ នៅក្នុងកម្រិតនោះ គឺមានកម្រិតតិច ដូច្នេះប្រទេសមួយចំនួនគាត់ត្រូវខ្សត់ស្បៀង ដើម្បីផ្គត់ផ្គង់ឲ្យពលរដ្ឋគាត់ ក៏ធ្វើឲ្យតម្លៃអតិផរណាកើនឡើងខ្លាំង នៅក្នុងប្រទេសរបស់ពួកគាត់ ដូចជាសហរដ្ឋអាមេរិក សហគមអឺរ៉ុប និងប្រទេសមួយចំនួន មានអតិផរណាខ្លស់ នៅក្នុងសម័យកាលនៃការក្រោកឡើងនូវសេដ្ឋកិច្ច។
ឧកញ៉ាលើកឡើងថា នៅរយៈពេល៦ខែឆ្នាំ២០២១នេះ សហព័ន្ធស្រូវអង្ករ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម បានព្យាយាមបញ្ចៀសហានិភ័យនៃការធ្លាក់ចុះនេះ ដោយបានសម្លឹងមើលទៅទីផ្សារចិន។ ៦ខែមកនេះកម្ពុជាបាននាំចេញទៅចិនជាង៥០ភាគរយ នៃចំនួនសរុបលើការនាំចេញអង្ករកម្ពុជា ការកើនឡើងទៅចិននេះ គឺជួយដល់វិស័យមួយចំនួនធំ ហើយប្រសិនបើគ្មានទីផ្សារចិន ទីផ្សារអាស៊ីទេ គឺកម្ពុជាពិតជាលំបាក។
ឧកញ៉ាបន្តថា កម្ពុជារង់ចាំតែការដឹកជញ្ជូនតាមកុងតឺន័រទេ ឲ្យត្រឡប់មកសភាពដើមវិញទេ ប្រសិនបើមានកុងតឺន័រ គឺកម្ពុជាមានលទ្ធភាពនាំចេញបានភ្លាមៗ ជាពិសេសនៅត្រីមាសទី២ ឆ្នាំនេះតែម្ដង។
សូមជម្រាបថា ឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារគោលដៅទាំង៤៩ នៅលើសកលលោក ក្នុងបរិមាណអង្ករសរុបចំនួន ២៨០ ៤៥០តោន ដែលគិតជាទឹកប្រាក់ចំនួន ២០២.៦៧ លានដុល្លារសហរដ្ឋអាមេរិក។ ការនាំចេញក្នុងឆមាសទី១នេះ បានធ្លាក់ចុះប្រមាណជា ២៩.៤៧% បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០៕