(ភ្នំពេញ)៖ រយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសថៃ មានទឹកប្រាក់ជាង៤៥៩លានដុល្លារ ធ្លាក់ចុះចំនួន ៣៦.៦១% ខណៈការនាំចូលពីថៃមានទឹកប្រាក់រហូតដល់ជាង២,៩០៥លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ស្ថានទូតថៃ ប្រចាំប្រទេសកម្ពុជា។
ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ សម្រេចបានសរុបចំនួនជាង ៣,៣៦៥លានដុល្លារ ធ្លាក់ចុះ៥.២៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួនជាង៣,៥៥២លានដុល្លារ។
ចំពោះមុខទំនិញ ដែលកម្ពុជានាំចេញ ទៅទីផ្សារប្រទេសថៃ ភាគច្រើន គឺជាផលិតផលកសិកម្ម ខណៈផលិតផលនាំចូលពីប្រទេសថៃ មកកម្ពុជាវិញ មានដូចជា៖ រថយន្ត, ប្រេងឥន្ធនៈ, ជីកសិកម្ម, ផលិតផលចំណីអាហារ និងគ្រឿងថែសម្រស់ជាដើម -ល-។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ការធ្លាក់ចុះនៃការនាំចេញរបស់កម្ពុជា ទៅប្រទេសថៃនេះ គឺដោយសារតែបញ្ហាការរាលត្បាត នៃជំងឺកូវីដ-១៩។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ការធ្លាក់ចុះ ការនាំចេញរបស់កម្ពុជាទៅថៃ គឺអាចបណ្តាលមកពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅខេត្តតាមបណ្តោព្រំដែន កម្ពុជា-ថៃ ដែលធ្វើឲ្យមានការរឹតបន្តឹង លើការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ»។
បន្ថែមពីនោះទៀត លោក ប៉ែន សុវិជាតិ បានឲ្យដឹងផងដែរថា ការធ្លាក់ចុះ ការនាំចេញទំនិញកម្ពុជា ទៅកាន់ប្រទេសថៃនេះ មិនមែនមកពីកត្តាតម្រូវការប្រើប្រាស់ របស់ពលរដ្ឋថយចុះនោះឡើយ។
គូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ថៃ ឆ្នាំ២០២០ សម្រេចបានទឹកប្រាក់ ៧.២៥ពាន់លានដុល្លារ ធ្លាក់ចុះ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលាមានទឹកប្រាក់ ៩.៤ពាន់លានដុល្លារអាមេរិក។
ក្នុងទំហំពាណិជ្ជកម្មនេះ ការនាំចេញរបស់កម្ពុជាទៅថៃ មានតម្លៃ១.១៥ពាន់លានដុល្លារ ធ្លាក់ចុះ ៤៩% ធៀបនឹងឆ្នាំ២០១៩ មានតម្លៃ ២.២៧ពាន់លានដុល្លារ។ ចំណែកការនាំចូលពីថៃមានតម្លៃ ៦.១ពាន់លានដុល្លារ ធ្លាក់ចុះ ១៥% ធៀបនឹងឆ្នាំ២០១៩ មានតម្លៃ ៧.១៥ពាន់លានដុល្លារ៕