(ភ្នំពេញ)៖ រយៈពេល៥ខែដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញទំនិញសម្រេចបានក្នុងទំហំទឹកប្រាក់ជិត៦ពាន់លានដុល្លារ កើនឡើង១.៦% បើបៀបធៀប នឹងរយៈពេលដូចគ្នានៅក្នុង២០២០។ នេះបើតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
របាយការណ៍បានឲ្យដឹងថា «រយៈពេល៥ខែ ឆ្នាំ២០២១ ការនាំចេញទំនិញ សម្រេចបាន ក្នុងទំហំទឹកប្រាក់ចំនួន ៥ ៩៨២លានដុល្លារ (ស្មើនឹង ២០.៨% នៃផសស) បានកើនឡើង ១.៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើននៃការនាំចេញកង់ និងទំនិញផ្សេងៗ»។
ទន្ទឹមនេះការនាំចូលទំនិញ (ដកមាសចេញ) សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៨ ៦៦៤ លានដុល្លារ (ស្មើនឹង ៣០.២% នៃផសស) បានកើនឡើង ១៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើននៃការនាំចូលក្រណាត់, គ្រឿងសំណង់, ប្រេងឥន្ធនៈ និងទំនិញផ្សេងៗ។
របាយការណ៍ដដែលកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជានៅតែទទួលរងផលប៉ះពាល់ ពីវិបត្តិជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន និងបានដាក់សម្ពាធមកលើសូចនាករសំខាន់ៗ នៃវិស័យជំរុញកំណើនសេដ្ឋកិច្ច។
គិតត្រឹមខែឧសភា ឆ្នាំ២០២១, ការនាំចេញសម្លៀកបំពាក់និងផលិតផលកាត់ដេរ, ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ, សកម្មភាពនៅក្នុងវិស័យសំណង់ និងទុនវិនិយោគពីបរទេសបាន និងកំពុងបន្តធ្លាក់ចុះ។
ទោះបីជាយ៉ាងនេះក្តី, ការនាំចេញក្រៅពីសម្លៀកបំពាក់ និងផលិតផលកាត់ដេរ ដូចជា កង់, គ្រឿងបង្គុំអេឡិចត្រូនិក, ផលិតផលពីឈើ និងផលិតផលកសិកម្មផ្សេងទៀតជាដើម បានបន្តរក្សាកំណើនល្អ។
របាយការណ៍ដដែលសង្កត់ធ្ងន់ថា ជារួមសេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងមានកំណើនវិជ្ជមានក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងវិញ នៃស្ថានភាពសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចដៃគូពាណិជ្ជកម្ម របស់កម្ពុជា, កំណើនតម្រូវការផលិតផលកសិកម្ម និងលទ្ធភាពនៃការបង្វែរការបញ្ជារទិញ និងរោងចក្រកាត់ដេរពីប្រទេសមីយ៉ាន់ម៉ា មកកាន់ប្រទេសកម្ពុជា៕