(ភ្នំពេញ)៖ របាយការណ៍ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២១ CDC តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនធ្វើការ វិនិយោគលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៨៧គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ២ ៩៦៩ ៦២៩ ៣៣៨ដុល្លារអាមេរិក និងដែលអាចបង្កើតការងារបានចំនួន ៥០ ០២៩កន្លែង។
បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ចំនួនគម្រោងវិនិយោគមានការថយចុះចំនួន៦៣គម្រោង ខណៈទុនវិនិយោគមានការកើនឡើងចំនួនប្រមាណ ៣១៥លានដុល្លារអាមេរិក ដោយសារវត្តមាននៃគម្រោងវិនិយោគធំៗមួយចំនួន ដូចជាគម្រោងរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្ម អានុភាព៧០០មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd ក្នុងទុនវិនិយោគចំនួនប្រមាណ ១.៣ប៊ីលានដុល្លារអាមេរិក, គម្រោងរោងចក្រផលិតក្រដាសរបស់ក្រុមហ៊ុន Shunying Pulp and Paper Company Limited ក្នុងទុនវិនិយោគចំនួនប្រមាណ ៥០៤លានដុល្លារអាមេរិក និងគម្រោងរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន Cart Tire Co., Ltd. ក្នុងទុនវិនិយោគចំនួន ៣៥០លានដុល្លារអាមេរិក។
ក្នុងចំណោមគម្រោងវិនិយោគ៨៧ មានគម្រោងវិនិយោគថ្មី ក្រៅតំបន់សេដ្ឋកិច្ចពិសេស ៥៣គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ៩៤១ ៥៩៣ ១៨០ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧ ៤២៩កន្លែង, គម្រោងពង្រីកផលិតកម្មចំនួន១១គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១៥៩ ៥៧៣ ៥៤២ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២ ៨០៣កន្លែង និងគម្រោងវិនិយោគថ្មី ក្នុងតំបន់សេដ្ឋកិច្ចពិសេសវិញ មានចំនួន ២៣គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ១ ៨៦៨ ៤៦២ ៦១៦ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩ ៧៩៧កន្លែង។
ក្នុងឆមាសទី១ ឆ្នាំ២០២១ តួលេខវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដោយចូលរួមចំណែកប្រមាណ ៦៩%នៃការវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ ដោយចូលរួមចំណែកប្រមាណ ២១%នៃការវិនិយោគសរុប។
លោក សុខ ចន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ប្រាប់ Fresh News ថា ថ្វីត្បិតចំនួនគម្រោងវិនិយោគដែល CDC បានអនុម័តក្នុងឆមាសទី១ ឆ្នាំ២០២១ មានការថយចុះគួរឱ្យកត់សម្គាល់បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ពោលគឺថយចុះចំនួន ៦៣គម្រោង ទុនវិនិយោគក្នុងរយៈពេល ៦ខែដើមឆ្នាំនេះមានការកើនឡើងប្រមាណ ១២% ដោយសារវត្តមាននៃគម្រោងវិនិយោគធំៗមួយចំនួន។
លោករដ្ឋមន្ត្រីបន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងបំពេញភារកិច្ចយ៉ាងសស្រាក់ស្រស្រាំ ដើម្បីជំរុញ និងទាក់ទាញអ្នកវិនិយោគបន្ថែម។ ជាក់ស្តែង សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី ដែលនឹងត្រូវគោរពដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យ និងអនុម័ត នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ នឹងក្លាយជាកត្តាទាក់ទាញការវិនិយោគដ៏សំខាន់មកកម្ពុជា៕