(ភ្នំពេញ)៖ លោក ហេង កូយ ប្រធានចាត់ការទូទៅ នៃសមាគមធនាគារនៅកម្ពុជា បានគូសបញ្ជាក់ថា គ្មានការរឹបអូសវត្ថុបញ្ចាំ របស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលនៃវិបត្ដិកូវីដ-១៩ នោះឡើយ ហើយសមាគមធនាគារបានរកវិធីគ្រប់បែបយ៉ាង ក្នុងការធ្វើយ៉ាងណាសម្រួលស្ថានការណ៍នេះ។
ការគូសបញ្ជាក់បែបនេះ ក្នុងឱកាសដែល លោក ហេង កូយ អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាពិសេស ស្តីពី «វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា» របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «តួនាទីសមាគមធនាគារនៅកម្ពុជា ក្នុងការជំរុញចំណេះដឹង និងបរិយាបន្នហិរញ្ញវត្ថុ»។
លោក ហេង កូយ បានបញ្ជាក់យ៉ាងដូច្នេះថា «ជារួមយើងមិនឃើញមានការរឹបអូសវត្ថុបញ្ចាំឡើយ ហើយបើមានការកើតឡើង យើងរកវិធីគ្រប់បែបយ៉ាង ក្នុងការធ្វើយ៉ាងណា គឺសម្រួលស្ថានការណ៍ កុំឲ្យបង្កើនបន្ទុកដល់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋមានបន្ទុកខ្លាចកូវីដ-១៩ រួចហើយ»។
ប្រធានចាត់ការទូទៅនៃសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា សមាគមធនាគារតែងតែផ្សព្វផ្សាយ និងតែងតែតាមដាន ហើយបើសិនជាមាន ករណីកើតឡើងសមាគមធនាគារ នឹងប្រឹងប្រែងក្នុងការធ្វើការងារជាមួយសមាជិក និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណា ដោះស្រាយឲ្យបានទាន់ពេលវេលា។
សូមជម្រាបថា ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលដល់អតិថិជនក្នុងគ្រាដ៏លំបាកនៃជំងឺកូវីដ១៩នេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញនូវគោលការណ៍ដូចជា៖
១៖ សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេល២ខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេល៣ខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
២៖ សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល៣ខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។
៣៖ បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញ ឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
៤៖ បញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។
៥៖ ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយ សម្រាប់រស់នៅ (First Home Owner)។
៦៖ ផ្តល់នូវការអនុគ្រោះសម្រាប់អតិថិជន ដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ៕