(ភ្នំពេញ)៖ លោក ហេង កូយ ប្រធានចាត់ការទូទៅ នៃសមាគមធនាគារនៅកម្ពុជា បានបង្ហាញពីសកម្មភាពយ៉ាងសកម្មរបស់សមាគមធនាគារនៅកម្ពុជា ដែលបានខិតខំ ក្នុងការជំរុញការយល់ដឹងពីការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដល់សាធារណជន និងប្រជាពលរដ្ឋ។

ការឲ្យដឹងរបស់លោក ហេង កូយ ធ្វើឡើងក្នុងកិច្ចពិភាក្សាស្ដីពី «វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា» របស់ទូរទូស្សន៍ Fresh News ក្រោមប្រធានបទ ស្ដីពី «តួនាទីសមាគមធនាគារនៅកម្ពុជា ក្នុងការជំរុញចំណេះដឹង និងបរិយាបន្នហិរញ្ញវត្ថុ»។

លោក ហេង កូយ ថ្លែងឲ្យដឹងថា សមាគមធនាគារនៅកម្ពុជា ជាសមាគមមួយដែលតំណាងឲ្យវិស័យធនាគារ តំណាងឲ្យធនាគារឯកជននៅកម្ពុជា ដែលបង្កើតឡើងក្រោមច្បាប់ស្ដីពី ធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។

លោកបន្ថែមថា សមាគមធនាគារនៅកម្ពុជា បង្កើតឡើងក្នុងឆ្នាំ១៩៩៤ ក្នុងបំណងធ្វើយ៉ាឲ្យវិស័យធនាគារ សេវាធនាគារ និងជាឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋ ព្រមទាំងធ្វើយ៉ាណាឲ្យសមាជិករបស់គ្រឹះស្ថានធនាគារ រីកចម្រើនបន្ដនិរន្ដរភាព ក្នុងការផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋ។

លោក ហេង កូយ ថ្លែងបញ្ជាក់ថា «សមាគមជាតំណាងឲ្យសមាជិករបស់ខ្លួន ជាតំណាងធនាគារ និងហិរញ្ញវត្ថុ ហើយគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដែលបានទទួលការអជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា គឺត្រូវតែជាសមាជិក របស់សមាគមធនាគារនៅកម្ពុជា និងមានតួនាទី ព្រមទាំងកាតព្វកិច្ចជាច្រើន ក្នុងការផ្សព្វផ្សាយពី ការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដល់សាធារណជន»

លោកបានញ្ជាក់ថា «កាតព្វកិច្ច និងតួនាទី ក្នុងការផ្សព្វផ្សាយពីការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដល់សាធារណជនរួមមាន៖ ផ្ដល់ព័ត៌មានដ៏ត្រឹមត្រូវ អំពីសេវាហិរញ្ញវត្ថុ ជូនដល់ពលរដ្ឋ ជាក់ស្ដែងដូចជាអំឡុងពេល នៃជំងឺកូវីដ១៩ គឺស្ថានភាពរបស់ពលរដ្ឋជួបការលំបាកជាច្រើន ដូច្នេះក្នុងនាមជាសមាគមធនាគារកម្ពុជា បានធ្វើគោលការណ៍នាំផ្សេងៗដូចជា ការរៀបចំឥណទានឡើងវិញជាដើម ហើយសមាគមត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ដែលមានការលំបាក ទៅរកគ្រឹះស្ថានដែលបានខ្ចីប្រាក់ និងស្នើសុំរៀបចំឥណទានឡើងវិញជាដើម។ កត្តាមួយទៀត គឺមានតួនាទី ធ្វើយ៉ាងណាឲ្យសមាជិកបន្ដការរីកចម្រើន ដោយមានការងារជាចម្បងៗ ដូចជាការពិគ្រោះពិភាក្សាធ្វើយ៉ាងណាឲ្យការគ្រប់គ្រងហានីភ័យ»

លោកបន្ថែមថា វិស័យធនាគាររីកចម្រើនមកដល់ថ្ងៃនេះបាន ដោយសារក្រោមការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា មានគោលការណ៍ប្រតិបត្តិរឹងមាំ ហើយសមាគមធនាគារកម្ពុជា មានក្រុមការងារជួយធ្វើឲ្យសមាជិករបស់ខ្លួនបន្ដនូវភាពរឹងមាំបាន។

លោកបន្តថា សមាគមធនាគារកម្ពុជា មានតួនាទីក្នុងការអប់រំ បណ្ដុះបណ្ដាល ដែលសមាគមបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានបង្កើតជាមណ្ឌលសិក្សាមួយ គឺវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយបង្កើតឡើងក្នុងគោលបំណងធ្វើយ៉ាងណា ឲ្យអ្នកអាជីពក្នុងវិស័យធនាគារមានសមត្ថភាព បង្កើនជំនាញរបស់ខ្លួន ធ្វើយ៉ាងណាឲ្យការកើនចំណេះ និងជំនាញរបស់ពួកគេ ដែលធ្វើឲ្យការផ្ដល់សេវាធនាគារកាន់តែប្រសើរឡើង៕