(ភ្នំពេញ)៖ រយៈពេល៦ខែ ដើមឆ្នាំ២០២១នេះ ពោលគិតចាប់ពីខែមករា ដល់ខែមិថុនា កម្ពុជាបាននាំចេញម្រេច ចំនួន១៤ ៥៦១.៦២តោន ទៅកាន់ប្រទេសចំនួន១៧ ដែលមានកើនឡើង ចំនួន៣៩៨.៧៦%។
តាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្នុងនោះ បានបញ្ជាក់ថា ប្រទេសចំនួន១៧ ដែលកម្ពុជា បាននាំចេញម្រេច ជាង១.៤ម៉ឺនតោន នេះ រួមមាន៖
ទី១៖ ប្រទេសប៊ែលហ្សិក ចំនួន ១០,៦៣ តោន
ទី២៖ ប្រទេសកាណាដា ចំនួន ០,៥២ តោន
ទី៣៖ សាធារណរដ្ឋឆេក ចំនួន ៦,១០ តោន
ទី៤៖ ប្រទេសបារាំង ចំនួន ១៩,០១ តោន
ទី៥៖ ប្រទេសអាល្លឺម៉ង់ ចំនួន ១៦០,៥៧ តោន
ទី៦៖ ប្រទេសឥណ្ឌា ចំនួន ៤២ តោន
ទី៧៖ ប្រទេសជប៉ុន ចំនួន ២,៥៨ តោន
ទី៨៖ ប្រទេសកូរ៉េ ចំនួន ១,៥៥ តោន
ទី៩៖ ប្រទេសប៉ូឡូញ ចំនួន ៧,០៩ តោន
ទី១០៖ ប្រទេសរុស្សី ចំនួន ០,៣១ តោន
ទី១១៖ ប្រទេសស៊ុយអ៊ែត ចំនួន ១,២៩ តោន
ទី១២៖ ប្រទេសស្វីស ចំនួន ០,៤៨ តោន
ទី១៣៖ កោះតៃវ៉ាន់ ចំនួន ១៥ តោន
ទី១៤៖ ប្រទេសអង់គ្លេស ចំនួន ១,២៤ តោន
ទី១៥៖ ប្រទេសអារ៉ាប់ រួមចំនួន ០,០១ តោន
ទី១៦៖ សហរដ្ឋអាមេរិក ចំនួន ១,៧៥ តោន
និងទី១៧៖ ប្រទេសវៀតណាម ចំនួន ១៤ ២៩១,៤៩ តោន។
លោក ចាន់ ពេជ្រ អនុប្រធានសហព័ន្ធម្រេច និងគ្រឿងទេស បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០១នេះថា តម្លៃម្រេចនៅក្នុងឆ្នាំ២០២១នេះ មានការកើនឡើងប្រមាណ១ដុល្លារ ក្នុងមួយគីឡូក្រាម បើធៀបនឹងឆ្នាំ២០២០។ នៅឆ្នាំ២០២០ តម្លៃម្រេចចំនួនពី២ដុល្លារ ទៅ ២.៥ដុល្លារ មកដល់ឆ្នាំ២០២១នេះតម្លៃ៣.៥ដុល្លារ ទៅ៣.៨ដុល្លារក្នុង១គីឡូក្រាម។
លោកថា ការនាំចេញម្រេចរបស់កម្ពុជា ភាគច្រើននាំចេញ តាមរយៈប្រទេសវៀតណាម ខណៈនាំចេញទៅកាន់ផ្ទាល់ នៅប្រទេសទីផ្សារមានចំនួនតិចតួច។
លោក ចាន់ ពេជ្រ បានលើកឡើងទៀតថា ប្រសិនជាប្រទេសកម្ពុជា អាចនាំចេញផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន វានឹងអាចជួយឲ្យកម្ពុជា មានការវិនិយោគកែច្នៃសំអាតម្រេច ក្នុងការនាំចេញបានកាន់តែច្រើន។ បើតាមលោក ចាន់ ពេជ្រ ប្រទេសកម្ពុជា មានសមត្ថភាពផលិតម្រេច បានប្រមាណ៣ម៉ឺនតោន ក្នុងមួយឆ្នាំ។
ក្នុងនាមសហព័ន្ធម្រេច និងគ្រឿងទេស លោក ចាន់ ពេជ្រ ចង់ឲ្យមានកិច្ចព្រមព្រៀងនាំចេញម្រេចកម្ពុជា ដោយផ្ទាល់ទៅកាន់ប្រទេសចិន ដោយសង្ឃឹមថា ទីផ្សារចិន នឹងជួយកម្ពុជា ក្នុងការពង្រឹងទីផ្សារថ្មី ព្រមទាំងតម្លៃកាន់តែល្អប្រសើរ៕