(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានអំពាវនាវសារជាថ្មីដល់គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈនិងឯកជន ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ទីតាំងដែលមានមនុស្សចេញ-ចូលច្រើន និងសាធារណជនទាំងអស់ ត្រូវតែចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ឱ្យបានពេញលេញ តាមរយៈការដាក់ឱ្យមានមនុស្សនៅរង់ចាំត្រួតពិនិត្យការស្កេន QR Code នៅច្រកទ្វារ នៃទីតាំងរបស់ខ្លួន និងតម្រូវឱ្យអ្នកឆ្លងកាត់ត្រូវតែចូលរួមស្កេន QR Code ឱ្យបានគ្រប់ៗគ្នាជាដាច់ខាត។

ការអំពាវនាវឲ្យចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ធ្វើឡើង
យោងតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។

ក្រសួងប្រៃសណីយ៍ឲ្យដឹងថា ប្រព័ន្ធ QR Code នេះអាចប្រើជាសំណាញ់សុវត្ថិភាពគាំទ្រ ដល់ដំណើរការការងារជាធម្មតា តាមបែបគន្លងថ្មី ហើយសាធារណជនអាចទទួលបាន ការជូនដំណឹងទាន់ពេលវេលា ក្នុងករណីមានជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈនិងឯកជន ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន និងម្ចាស់ទីតាំងដែលមានមនុស្សចេញ-ចូលច្រើន បង្កើត QR Code សម្រាប់ទីតាំងរបស់ខ្លួន ព្រមទាំងសូមសាធារណជនទាំងអស់មេត្តាចូលរួមស្កេន QR Code និង អនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ខាងក្រោម៖