(សៀមរាប)៖ យោងតាមទិនិ្នន័យផ្លូវការ របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្នុងរយៈពេល០៦ខែ ឆ្នាំ២០២១នេះ គ្រឹះស្ថានអង្គរបានលក់បណ្ណចូលទស្សនាតំបន់អង្គរបានចំនួន ៥,៣២៩នាក់ ធ្លាក់ចុះ៩៨.៦៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល ២១៩,២១៨ដុល្លារអាមេរិកធ្លាក់ចុះ៩៨.៧៩ភាគរយ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា សម្រាប់ថវិកាចំណូល បានពីការលក់បណ្ណចូលទស្សនាអង្គរក្នុងរយៈពេល១ខែមិថុនា ឆ្នាំ២០២១ បានលក់បណ្ណជូនភ្ញៀវចំនួន ៥៥៥នាក់ ធ្លាក់ចុះ៦៨.២៣ភាគរយ បើធៀបនឹងខែដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល ២២,០១០ដុល្លារអាមេរិក ធ្លាក់ចុះ៦៩.០៩ភាគរយ។
ក្នុងខែមិថុនានេះផងដែរ គឺថវិកាចំនួន ១,១១០ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះជីវិត និងព្យាបាលជំងឺកុមារកម្ពុជា ហើយបើសរុបថវិកាទាំង០៦ខែ គឺមានចំនួន ១០,៦៥៨ដុល្លារ សម្រាប់ឧត្ថម្ភមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា៕