(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំសមត្ថកិច្ច ចម្រុះក្នុងយុទ្ធនាការចុះពង្រឹងច្បាប់ចរាចរណ៍ នៅមុនឱកាសបុណ្យភ្ជុំបិណ្ឌ នៅតាមដងផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខធនាគារអេស៊ីលីដា ស្ថិតក្នុងភូមិរ៉ា សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងការធ្វើដំណើរកំសាន្ត ក្នុងពិធីបុណ្យជាតិខាងមុខនេះ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការខេត្ត មន្រ្តីជំនាញសហការជាមួយនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ជាច្រើននាក់ទៀត។
លោក ខូយ រីដា បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ពិសេសមុនថ្ងៃបុណ្យជាតិធំៗ ដែលប្រជាពលរដ្ឋបានឈប់សម្រាកពីការងារ ជាក់ស្តែងបុណ្យភ្ជុំបិណ្ឌ នឹងខិតជិតចូលមកដល់រដ្ឋបាលខេត្ត ដែលជាប្រធាន អនុគណៈកម្មការសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្ត តែងបានសហការជាមួយមន្រ្តីជំនាញ ក្នុងនោះមានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត កម្លាំងនគរបាលចរាចរណ៍ខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្តចុះផ្សព្វផ្សាយ និងពង្រឹងច្បាប់ចរាចរណ៍ ផ្លូវគោកជូនដល់ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរតាមដងផ្លូវ ដើម្បីក្រើនរំលឹកឱ្យមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរតាមយាន្តជំនិះគ្រប់ប្រភេទ ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
លោក ខូយ រីដា បានបញ្ជាក់ថា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ អ្នកជិះម៉ូតូគ្រប់ប្រភេទ ត្រូវពាក់មួយកសុវត្តិភាពជាប់ជាប្រចាំ ទាំងអ្នកឌុប និងអ្នកជិះពីក្រោយ ហើយត្រូវគោរពផ្លាកសញ្ញាចរាចរណ៍ នៅតាមដងផ្លូវនានា តាមគោលដៅមិនត្រូវបើកក្នុងល្បឿនលឿនហួសកំណត់ឡើយ។ ចំណែកអ្នកបើកបររថយន្ត បើកបរត្រូវពាក់ខ្សែក្រវ៉ាត់ឱ្យបានគ្រប់ៗគ្នា ហើយបើកក្នុងល្បឿនតាមច្បាប់កំណត់ហាមបើជែងគ្នា ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
លោក ខូយ រីដា បានបន្តថា នៅព្រឹកនេះមន្រ្តីជំនាញបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយធ្វើការការអប់រំផ្សព្វផ្សាយច្បាប់ ផាកពិន័យនៅនឹងកន្លែង ហើយបានបំពាក់មួយសុវត្តិភាពជូនពួកគាត់ម្នាក់មួយ និងសៀវភៅច្បាប់ និងលិខិតណែនាំអំពីច្បាប់ចរាចរណ៍ផងដែរ។
ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋ ដែលត្រូវបានអប់រំនៅនឹងកន្លែង ពិសេសអ្នករត់ម៉ូតូឌុប បានសំដែងនូវការអរគុណដល់ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ បានផ្តល់ឯកសារផ្សេងៗ ដែលពាក់ព័ន្ធច្បាប់ចរាចរណ៍ដល់ពួកគាត់ និងបានប្តេជ្ញាចិត្តថា យើងនាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ការគោរពច្បាប់ចរាចណ៍ គឺផ្តើមចេញពីខ្លួនយើងជាមុន៕