(សេអ៊ូល, កូរ៉េខាងត្បូង)៖ ថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាបានចូលរួមក្នុងសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធសាកលឆ្នាំ២០១៨ នៅសាធារណរដ្ឋកូរ៉េ។
សន្និសីទនេះ សហការរៀបចំឡើងដោយក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ និងសមាគមក្រុមហ៊ុនម៉ៅការសាងសង់អន្តរជាតិនៃប្រទេសកូរ៉េ (ICAK) ។
លោក Lee Kun-Ki អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន (MOLIT) និងជា ប្រធានសមាគម ICAK បានសម្តែងនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់សន្និសីទនេះ ពីព្រោះ ICAK គឺស្ពានដ៏សំខាន់សម្រាប់តភ្ជាប់រវាងក្រុមហ៊ុនជាសមាជិកក្នុងវិស័យឯកជន និងរដ្ឋាភិបាលកូរ៉េ។
ក្នុងនាមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន លោកអនុរដ្ឋមន្ត្រី Son Byeong Suk បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងការបង្កើតការងារធ្វើ និងឱកាសអភិវឌ្ឍធនធានឲ្យមានសក្ដានុពលពេញលេញ។
លើសពីនេះទៀត ការប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់នឹងជួយប្រទេសក្នុងការកសាង «ទីក្រុងឆ្លាតវៃ» ។ ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ លោកអនុរដ្ឋមន្រ្តីបានចង្អុលបង្ហាញថា សាធារណរដ្ឋកូរ៉េបច្ចុប្បន្នមានផ្លូវល្បឿនលឿនជាង ១០,០០០គីឡូម៉ែត្រ នៅពេលដែល ប្រទេសនេះបានឈានចូលដំណាក់កាលបដិវត្តន៍ឧស្សាហកម្មទី៤។
ប្រទេសកូរ៉េបានសម្តែងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្រៅប្រទេស ដែលអាចផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់រូបនៅក្នុងតំបន់ និងពិភពលោក។
នៅក្នុងអង្គសន្និសីទនោះដែរ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងសិក្ខាសាលាស្តីពីគម្រោងជាច្រើន រួមទាំង៖សិក្ខាសាលាស្តីពី៖ «ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុង ទីក្រុងកម្ពុជា» ផងដែរ។
សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធសាកលត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យប្រសើរឡើង ដល់ការតភ្ជាប់អាស៊ានតាមរយៈការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យក្នុងតំបន់ ដែលបាន រៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣មកម៉្លេះ។
សន្និសីទនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធរវាងរាជរដ្ឋាភិបាល អតិថិជនក្រៅប្រទេសសំខាន់ៗ ធនាគារអភិវឌ្ឍន៍ពហុភាគី ក្រុមហ៊ុនសំណង់និងវិស្វកម្ម និងក្រុមហ៊ុនបរទេសជាច្រើនទៀត៕