(ភ្នំពេញ)៖ បុរសវ័យចំណាស់ម្នាក់ បានធ្វើដំណើរចាកចេញពីស្រុក នាខេត្តស្វាយរៀង ដោយមានវិចខ្ចប់បន្លែ ត្រី សាច់ ដើម្បីមកលេងនិងផ្ញើរឲ្យប្រពន្ធ ដែលមកធ្វើការកម្មកររោងចក្រ នៅឯភ្នំពេញ តែជាអកុសល ដោយជំងឺរបេងប្រចាំកាយរ៉ាំរ៉ៃរើ ឡើងធ្វើឲ្យបុរសជាឪពុករូបនោះ បានក្អួតឈាមដួលស្លាប់ភ្លាមមួយរំពេច ក្នុងផ្សារទួលពង្រតែម្តង។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថិតក្នុងផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពបុរសរងគ្រោះឈ្មោះ គិត ពៀត អាយុ៥២ឆ្នាំ មានទីកន្លែងកំណើត នៅស្រុករមាសហែក ខេត្តស្វាយរៀង។
តាមសម្តីស្រ្តីជាប្រពន្ធ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះដែលជាស្វាមី បានជិះឡានឈ្នួល មកពីខេត្តស្វាយរៀង និងមានវិចខ្ចប់របស់របរ ត្រី សាច់ បន្លែបង្កាយកមកភ្នំពេញ គោលបំណង គឺមកលេងរូបគាត់ដែលជាភរិយាធ្វើការ រោងចក្រ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ខណៈដែលពួកគាត់ បានមកដល់រួចចុះពីលើរថយន្តឈ្នួល ស្រាប់តែមានអាការៈមិនស្រួលខ្លួន នៅខណៈនោះ គាត់បានដើរទៅរកពេទ្យបាល ស្រាប់តែមានក្អួតឈាមមកតាមមាត់ តែជាអកុសលបានដួលស្លាប់ភ្លាម មួយរំពេចស្លាប់ភ្លាមៗ តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ដោយរកឃើញថា បុរសរងគ្រោះខាងលើ បានស្លាប់ដោយសារជំងឺរបេង និងប្រគល់សពជនរងគ្រោះ ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យ នៅស្រុកកំណើត តាមប្រពៃណី៕