(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរហ្វីលីពីននៅថ្ងៃចន្ទនេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៥នាក់ ក្រោយព្យុះទីហ្វុង មាំងឃុត (Mangkhut) បានវាយប្រហារលើកោះ លូហ្សុន (Luzon) នៃភាគខាងជើងប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ ខណៈការខូចខាតត្រូវបានគេព្យាករថា អាចនឹងមានទំហំធំធេងឥតគណនា៕
២៖ គ្រប់គ្នាកំពុងចោលភ្នែកទៅរកភពឆ្ងាយៗ ដែលស្ថិតនៅប្រព័ន្ធព្រះអាទិត្យមានចម្ងាយរាប់សិបឆ្នាំពន្លឺឡើងទៅពីភពផែនដី ហើយវាស្ទើរតែរកវិធីគ្មាននោះឡើយ នៅក្នុងការទៅឲ្យដល់ ឬមានឧបករណ៍ណាមួយ ដើម្បីសិក្សាលម្អិតអំពីភពទាំងអស់នោះ ឡើយ ប៉ុន្តែយើងភ្លេចគិតថា Proxima Centuari b ដែលស្ថិតនៅជិតផែនដីយើងបំផុត តែ ៤.២ឆ្នាំពន្លឺនេះ អាចនឹងកំពុងលាក់ជីវិតក្នុងទម្រង់ណាមួយក៏ថាបានដែរ៕
៣៖ ស្ត្រីម្នាក់ដែលបានចោទប្រកាន់ បេក្ខភាពចៅក្រមតុលាការកំពូលអាមេរិករបស់ លោក ដូណាល់ ត្រាំ គឺលោក ប្រេត កាវ៉ាណហ្វ (Brett Kavanaugh) ថា បានប្រព្រឹត្តអំពើរលោភបំពានផ្លូវភេទលើរូបនាង បានបញ្ជាក់អត្តសញ្ញាណរបស់ខ្លួនឯងហើយ ជាមួយការស្នើឱ្យ តំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ រារាំងការតែងតាំងលោក Brett ជាចៅក្រមតុលាការកំពូល៕
៤៖ ការបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់កំពូលតារាសម្ដែងចិន អ្នកនាង ហ្វាន ពីងពីង (Fan Bingbing) នៅតែជាមន្ទិលសង្ស័យ សម្រាប់អ្នកគំាទ្ររបស់អ្នកនាង ខណៈមានពាក្យចរចាមអារ៉ាមជាច្រើនថាកំពូលតារាសម្ដែងរូបនេះត្រូវបានអាជ្ញាធរចិនចាប់ ខ្លួនពីបទគេចពន្ធ៕
៥៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក ផេដ្រូ សាច់ឆែស (Pedro Sanchez) បាននិយាយថា ទំនាក់ទំនងទាំងអស់រវាងអេស្ប៉ាញ និងអារ៉ាប៊ីសាអូឌីត អាចនឹងត្រូវរង្គោះរង្គើរ បើសិនជាទីក្រុងម៉ាឌ្រីតមិនព្រមលក់បរិក្ខាយោធាឱ្យទីក្រុងរីយ៉ាដ តាមការសន្យាទេនោះ៕
៦៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន និងមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវជួបគ្នាជាថ្មីម្ដងទៀតក្នុង កិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី ៣ ដែលគ្រោងនឹងធ្វើឡើងរយៈពេល ០៣ថ្ងៃ ក្នុងទីក្រុងព្យុងយ៉ាង ដោយចាប់ផ្ដើមពីថ្ងៃអង្គារស្អែកនេះ៕