(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គិតរហូតមកដល់ម៉ោង២រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថានភាពទឹកបានជន់លិចផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ស្ថិតក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ សារជាថ្មីម្ដងទៀតហើយ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ នៅពេលនេះទឹកបានលិចផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង កម្ពស់២តឹក ដែលមានប្រវែងប្រហែល២០ម៉ែត្រ ហើយជំនន់ទឹកនេះបណ្ដាល មកពីភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់ៗគ្នា តាំងពីថ្ងៃទី១៦ ខែកញ្ញាម្សិលមិញ ហើយនៅរសៀលថ្ងៃនេះ ភ្លៀងនៅបន្ដធ្លាក់ដដែល។
លោកស្នងការ ជួន ណារិន្ទ ក៏បានគូសបញ្ជាក់ថា សម្រាប់ស្ថានភាពទឹកលិចនេះ អាជ្ញាធរមិនបានបិទចរាចរណ៍នោះទេ ពោលទាំងរថយន្ដតូចធំ នៅតែអាចធ្វើចរាចរណ៍បានដដែល ខណៈកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន កំពុងតែមមាញឹកក្នុងការជួយសម្រួលចរាចរណ៍ ពិសេសរថយន្ដធុនធំមិនអនុញ្ញាតឲ្យបើកគៀនៗនោះទេ ព្រោះខ្លាចបាក់ស្រុងជាយថាហេតុ គឺត្រូវឲ្យបើកកណ្ដាលទ្រូងផ្លូវតែម្ដង។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ពីការព្យាករណ៍អាកាសធាតុ នៅប្រទេសកម្ពុជាដោយបញ្ជាក់ថា ភ្លៀងនឹងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ បណ្ដាលមកពីឥទ្ធិពលនៃព្យុះទី២២ ឈ្មោះ មង្ឃុត និងព្យុះទី២៣ ឈ្មោះ បារីចាត។
យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងទៀតថា នៅតំបន់ខ្ពង់រាបភាគឦសាន ជាប់ព្រំដែនកម្ពុជា-ឡាវ និងតំបន់វាលទំនាប តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើនជោគជាំ ដែលអាចបង្កជាទឹកជំនន់៕