(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចុះសួរសុខទុក្ខ និងនាំយកមុងសុវត្ថិភាព ជាអំណោយកាកកបាទក្រហមចែកជូនពលរដ្ឋ២០០គ្រួសារ មកពី៤សង្កាត់ក្នុងក្រុងបាត់ដំបង នៅក្នុងបរិវេណវត្តទួលតាឯក ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក និងភូមិភូមិអូរចារ ក្នុងសង្កាត់អូរចារ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ពិធីនេះដែរក៏មានការចូលរួមពីលោក ប៊ុត គឹមស៊ាន អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្ត រួមនឹងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងបាត់ដំបង សមាជិកក្រុមការងារកាកបាទក្រហមខេត្ត និងអាជ្ញធរមូលដ្ឋានពាក់ព័ន្ធមួយចំនួនទៀត។
ថ្លែងក្នុងឱកាសនោះលោក ងួន រតនៈ បានឱ្យដឹងថា ដើម្បីឆ្លើយតបទប់ស្កាត់ជំងឺរាតត្បាត និងការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំអំណោយរបស់កាកបាទក្រហមប្រទេសចិន តាមរយៈកាកបាទក្រហមកម្ពុជា យកចែកជូននាពេលនេះរួមមាន៖ ក្នុង១គ្រួសារទទួលមុងសុវត្តិភាព១ អាវយឺត១ ទឹកបរិសុទ្ធវីឃ៊ែចំណុះ១លីត្រកន្លះ១យួរ និងថវិកា១ម៉ឺនរៀល។
លោក ងួន រតនៈ បានបញ្ជាក់ទៀតថា ក្នុងនាមរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត តែងតែបានតាមដានរាល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលបានជួបប្រទះការលំបាក និងបានចែកអំណោយសង្រ្គោះបន្ទាន់បានទាន់ពេលវេលា ដូចជាបញ្ហាគ្រោះធម្មជាតិ ជនក្រីក្រ ជនចាស់ជរាឥតទីពឹង កុមារកំព្រាជាដើម ជាក់ស្តែងថ្ងៃនេះបានចែលមុងសុវត្តិភាពជូនប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ជំងឺផ្សេងៗក្នុងរដូវវស្សានេះ ដូចជាជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់ជាដើម។ ថ្ងៃនេះយើងចែកមុងសុវត្តិភាពជូនប្រជាពលរដ្ឋនៅទីនេះបាន ១០០នាក់ និង១០០នាក់ទៀត នៅសង្កាត់ចំការសំរោង និងសង្កាត់ស្លាកែត ក្នុងក្រុងបាត់ដំបងទុកជូនលោក ប៊ុត គឹមស៊ាន ជាអ្នកចែកបន្ត។
លោក ប៊ុត គឹមស៊ាន ក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណះ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោកបានបន្តថា សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ សម្អាតបរិស្ថានជុំវិញផ្ទះ មានអនាម័យក្នុងការរស់នៅ ផឹកទឹកឆ្អឹន ត្រូវប្រកាន់ភ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្កបង្កើនផល ដាំដំណាំរួមផ្សំដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង។ បន្ថែមពីនេះ លោកប្រធាន បានមានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋត្រូវហូបទឹកស្អាត ទឹកដាំពុះ ផងដែរ។
លោក ប៊ុត គឹមស៊ាន ក៏បានបញ្ជាក់ក្នុងនាឱកាសនោះដែរថា សាខាកាកបាទក្រហមខេត្តបាត់ដំបង និងបន្តធ្វើសកម្មភាពបំរើប្រជាពលរដ្ឋនៅគ្រប់ទិសទី គ្រប់ទីកន្លែងឱ្យបានទាន់ពេលវេលាដើម្បីប្រជាពលរដ្ឋយើងទាំងអស់គ្នា៕