(ភ្នំពេញ)៖ អតីតប្រធានខ្មោចបក្សសង្គ្រោះជាតិ កឹម សុខា ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ននៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ប៉ុន្តែសំណុំ រឿងក្តីដែល កឹម សុខា ជាប់ចោទនឹងអំពើ «សន្ទិដ្ឋិភាព (ត្រូវរ៉ូវគ្នា) ជាមួយបរទេស» មិនទាន់ត្រូវបានបញ្ចប់នោះទេ ហើយតុលាការកំពុងតែចាត់ការតាមនីតិវិធីបន្តទៅមុខទៀត។ បញ្ហាខាងសុខភាពរបស់ កឹម សុខា ត្រូវបានតុលាការលើកមកបញ្ជាក់ថា ជាហេតុផលមួយនៃការសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននេះ។ ប៉ុន្តែទន្ទឹមនេះតុលាការ បានសម្រេចដាក់ កឹម សុខា ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលជាវិធានការជំនួសឱ្យការឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីធានាថា កឹម សុខា នឹងមិនរត់គេចខ្លួនពីនីតិវិធីតុលាការ។
វិធានការថ្មីនេះ គឺតម្រូវឱ្យ កឹម សុខា គោរពនូវកាតព្វកិច្ចច្បាប់មួយចំនួន ដែលតាមប្រភពពីតុលាការ បានឱ្យដឹងថា កឹម សុខា ត្រូវបានហាមឃាត់លើ៖ (ទី១)-ហាមមិនចេញពីព្រំប្រទល់ដែនដីមួយដែលចៅក្រមកំណត់ (ទី២)-ហាមជួបអតីតថ្នាក់ដឹកនាំនៃគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលសម្រេចរំលាយចោល និងជនបរទេសមួយចំនួន និង (ទី៣)-ហាមធ្វើសកម្មភាពជួបជុំក្នុងគោលដៅនយោបាយ ឬធ្វើសកម្មភាពនយោបាយ។ បើមើលលើជ្រុងផ្លូវច្បាប់ការដាក់កាតព្វកិច្ចដោយ ចៅក្រមស៊ើបសួរឱ្យ កឹម សុខា គោរព គឺមានហេតុផលច្បាស់លាស់ ក្នុងនោះ បម្រាមទី ១ គឺ យោងលើហេតុផលសន្តិសុខ, បម្រាមទី២ គឺយោងលើហេតុផលនៃការពាក់ព័ន្ធ របស់បុគ្គលផ្សេងទៀត នៅក្នុងសំណុំរឿង ដែលចៅក្រមកំពុងស៉ើបសួរ ហើយដែលច្បាប់អនុញ្ញាតអោយចៅក្រមហាមបុគ្គលទាំងនេះមិនអោយជួបគ្នា និងបម្រាមទី៣ គឺយោងលើបទចោទប្រកាន់លើលោក កឹម សុខា ក្នុងសំណុំរឿងបដិវត្តពណ៌ ដែលសកម្មភាពនយោបាយ គឺជាអង្គហេតុស្នូល ដែលការហាមឃាត់ការធ្វើសកម្មភាពក្នុងអំឡុង ពេលនៅក្រៅឃុំ គឺជារឿងត្រឹមត្រូវតាមផ្លូវច្បាប់ ហើយជាសត្យានុម័ត គឺចៀសមិនផុត។
ការទទួលបានការសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននាពេលនេះ គឺជាលាភផង និងជាឱកាសផងរបស់កឹម សុខា។ ជាលាភ ដោយសារម្យ៉ាង វាជារឿងនឹកស្មានមិនដល់ថា ត្រូវបាននៅក្រៅឃុំជាបណ្តោះអាសន្ន ខណៈដែលបានស្នើសុំជាច្រើនលើក ប៉ុន្តែ មិនបានសម្រេច ហើយម្យ៉ាងទៀត វាបានកើតឡើងចំពេលដែល សម រង្ស៉ី កំពុងរៀបចំដណ្តើមយកការដឹកនាំក្រុមប្រឆាំងឡើងវិញ ដោយលើកហេតុផលថា កឹម សុខា នៅក្នុងពន្ធនាគារ។ ជាឱកាស ដោយសារ ម្យ៉ាង វា គឺជាបំណងប្រាថ្នារបស់លោក កឹម សុខា ផ្ទាល់ដែលចង់បាននៅក្រៅឃុំងាយស្រួលព្យាបាលជំងឺ និងមើលថែទាំសុខភាពរបស់ខ្លួន និងម្យ៉ាងទៀត មានឱកាសកាន់តែល្អ ដើម្បីតស៊ូខាងផ្លូវច្បាប់នៅចំពោះមុខ តុលាការផង និងរកផ្លូវចរចានយោបាយផង ដើម្បីអាចឈានទៅដោះខ្លួន តាមច្រកនៃការលើកលែងទោស ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី ដូចដែលបានអនុវត្តសម្រាប់ករណីគាត់លើកមុន។ ប៉ុន្តែ ការនៅក្រៅឃុំជាបណ្តោះអាសន្ននេះ គឺមិនស្ថិតស្ថេរនោះទេ ដោយហេតុផលផ្លូវច្បាប់ចំនួនពីរ៖
(ទី១)៖ ប្រសិនបើមានការបំពានកាតព្វកិច្ចដែលកំណត់ដោយចៅក្រម នោះ ការឃុំខ្លួន កឹម សុខា ឡើងវិញ គឺជារឿងចៀសមិនផុត និង(ទី២)៖ នៅពេលនីតិវិធីតុលាការបានដើរទៅមុខ ហើយប្រសិនបើតុលាការរកឃើញកំហុសរបស់ កឹម សុខា និងសម្រេចផ្តន្ទាទោស នោះ កឹម
សុខា នឹងអាចត្រូវសម្រេចចាប់ខ្លួនដាក់ពន្ធនាគារជាថ្មីឡើងវិញ។
តើ សម រង្ស៉ី ចំណេញអ្វីពីការណ៍ដែលលោក កឹម សុខា បានចេញមកនៅក្រៅឃុំ? មើលមួយភ្លែត, គេឃើញហាក់ដូចលោក សម រង្ស៉ី សប្បាយចិត្តណាស់ ប៉ុន្តែសម្រាប់អ្នកតាមដាន ស្ថានការណ៍នយោបាយនៅកម្ពុជា ការលេចមុខជាថ្មីរបស់ កឹម សុខា គឺជាគ្រោះនយោបាយដ៏ធំរបស់ សម រង្ស៊ី។ ខណៈដែល សម រង្ស៉ី កំពុងខិតខំតំឡើងខ្លួនធ្វើជាមេដឹកនាំក្រុមប្រឆាំងឡើងវិញ ដោយយកលេសថា កឹម សុខា ជាប់នៅក្នុងពន្ធនាគារ បែរជា កឹម សុខា ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ។
បើមិនមែនជាគ្រោះនយោបាយ តើជាអ្វីទៅវិញ? មិនតែប៉ុណ្ណោះ ការចេញក្រៅឃុំរបស់លោក កឹម សុខា និងការលើកលែងទោសដល់សកម្មជន អតីតគណបក្សសង្រ្គោះជាតិ កន្លងមក គឺបានធ្វើឱ្យ សម រង្ស៉ី ខាតបង់ជាច្រើន ដោយសារបាត់បង់នូវហេតុផលសម្រាប់ធ្វើនយោបាយបញ្ចុះបញ្ចូលបរទេស ហើយបាត់បង់ឱកាស ដើម្បីឡើងធ្វើជាមេដឹកនាំ ក្រុមប្រឆាំងឡើងវិញ។ អញ្ចឹងហើយ ដើម្បីបង្វែងដានរឿងគ្រោះនយោបាយនេះ សម រង្ស៉ី ខំស្រែកអួតធ្វើជាតួឯកថា ការដោះលែង កឹម សុខា ឱ្យនៅក្រៅឃុំ គឺជាស្នាដៃគាត់ ហើយប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់នៅឡើយ សម រង្ស៉ី តាំងធ្វើជាស្រែកទាមទារដោយស្រមើលស្រមៃ្យគណបក្សសង្រ្គោះជាតិរស់ឡើងវិញ ឬធ្វើការបោះឆ្នោតឡើងវិញជាដើម។
តើមួយឆាកជីវិតនយោបាយរបស់ សម រង្ស៊ី ដែលបានទាមទារ ឬធ្វើអ្វីបានជោគជ័យ ? បរាជ័យរបស់ សម រង្ស៉ី ដែលថ្មី និងចុងក្រោយគេ គឺទាក់ទងនឹងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦ នៃរដ្ឋសភា កាលពីថ្ងៃទី ២៩ ខែកក្កដា កន្លងទៅ។ នៅមុនថ្ងៃបោះឆ្នោត សម រង្ស៉ី បានប្រកាសចាត់ទុកការបោះឆ្នោតនេះ ជាទម្រង់មួយនៃប្រជាមតិ ហើយបានសម្រេចដាក់ចេញនូវ យុទ្ធសាស្រ្តមហាអស្ចារ្យ របស់គាត់ គឺ «យុទ្ធសាស្រ្ត៖ ដេកផ្ទះ ឈ្នះឯង» ឬ « យុទ្ធសាស្រ្ត៖ ម្រាមដៃស្អាត» ដោយធ្វើពហិការចូលរួមក្នុងការបោះឆ្នោត និងអំពាវនាវប្រជាពលរដ្ឋកុំឱ្យចេញទៅបោះឆ្នោត។ ប៉ុន្តែ ជាលទ្ធផល ប្រជាពលរដ្ឋជាង ៨៣% បានចេញទៅបោះឆ្នោត ហើយ គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជំនះទាំងស្រុង ដោយទទួលបានអាសនៈទាំង ១២៥ នៅរដ្ឋសភា។ ជាមួយបរាជ័យនេះ សម រង្ស៊ី បានបាត់បង់ភាពជាមេដឹកនាំ ក្រុមប្រឆាំង ហើយចលនាពីខាងក្នុងក្រុមប្រឆាំង បានទាមទារឱ្យ សម រង្ស៉ី ចុះចេញពីមេដឹកនាំក្រុមប្រឆាំង និងទុកឱកាសអោយកូនស្រីលោក កឹម សុខា ដឹកនាំវិញម្តង។ បន្ថែមពីនេះ ឥឡូវជកឹម សុខា បានចេញ នៅក្រៅឃុំជាបណ្តោះអាសន្ន ហើយអាចកំពុងសំងំរកឱកាសដើម្បីធ្វើកិច្ចសន្ទនានយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក៏មិនដឹង។ ដូចនេះវត្តមានរបស់ កឹម សុខា គឺជាគ្រោះនយោបាយយ៉ាងពិតប្រាកដរបស់ សម រង្ស៉ី ដែលមិនអាចសម្រេចមហិច្ឆិតាទាមទារឡើងធ្វើជាមេដឹកនាំក្រុមប្រឆាំងឡើងវិញ។
សម្រាប់ស្ថានការណ៍នយោបាយបច្ចុប្បន្ន «លាភ និង គ្រោះ» របស់ កឹម សុខា កំពុងនៅលាយឡំគ្នា។ ការចេញក្រៅឃុំ អាចចាត់ថា ជារឿងល្អមួយ ប៉ុន្តែរឿងអាក្រក់គឺអាចកើត មានក្នុងពេលមួយប៉ព្រិចភ្នែក។ គន្លឹះផ្លូវច្បាប់ដើម្បីកឹម សុខា ចូលពន្ធនាគារវិញបាន គឺធ្វើម៉េចឱ្យ កឹម សុខា បំពានកាតព្វកិច្ចដែលកំណត់ដោយចៅក្រម។
ការពពាក់ពពូនគ្នាមកជួបលោក កឹម សុខា នៅផ្ទះគឺជាសញ្ញាផ្តល់គ្រោះថ្នាក់ កឹម សុខា ទៅវិញទេ។ សម្រាប់អ្នកដែលស្រឡាញ់ កឹម សុខា ប្រហែលជាមិនធ្វើរឿងដោយគ្មានការ គិតពិចារណាដូចនេះទេ ហើយក៏ប្រហែលជាមិនចង់នាំទុកដល់កឹម សុខា ដែរ។ សំណួរសួរថា ចៅក្រមបានដាក់បម្រាមមិនឱ្យលោក កឹម សុខា ជួបជាមួយអតីតថ្នាក់ដឹកនាំ របស់អតីតគណបក្សសង្រ្គោះជាតិ ចុះហេតុអ្វីបានជាអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ទៅខែងរែងនៅមុខផ្ទះលោក កឹម សុខា ទៅវិញ?
គ្រោះធំមួយទៀតរបស់ កឹម សុខា ក្នុងស្ថានភាពនេះគឺបញ្ហាសន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួន។ ដូចនេះការណ៍ដែល កឹម សុខា សំងំនៅក្នុងផ្ទះក៏ជាផ្នែកមួយ ដើម្បីធានាសុវត្ថិភាពខ្លួនគាត់ផងដែរ ដើម្បីចៀសវាង ក្រុមបាតដៃទីបី និងល្បិច «ស្វាស៊ីបាយ លាបមាត់ពពែ»។ ចំណុចគួរឱ្យចាប់អារម្មណ៍គឺ កឹម សុខា បានស្នើសុំសមត្ថកិច្ច ដើម្បីការពារសន្តិសុខរបស់គាត់ ព្រោះបារម្ភរឿងបាតដៃទីបី។ ដូចនេះការប្រមូលផ្តុំគ្នានៅមុខផ្ទះលោក កឹម សុខា គឺមានតែ «រឿងគ្រោះ» ច្រើនជាង «រឿងលាភ»។ ពាក្យចាស់លោកពោលថា ៖ «បង្ការប្រសើរជាងព្យាបាល»៕
ដោយ៖ ចៅចាក់ស្មុក
ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨