(ភ្នំពេញ)៖ ធនាគារស្ថាបនា នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រកាស់ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសេវាកម្មថ្មីរបស់ខ្លួនគឺ Sathapana Mobile ដែលជាកម្មវិធីប្រតិបត្តិការ ធនាគារតាមទូរស័ព្ទដៃ។

សូមជម្រាបថា សេវាកម្ម Sathapana Mobile ជាសេវាកម្មធ្វើប្រតិបត្តិការ តាមរយៈទូរស័ព្ទដៃ ប្រកបដោយសុវត្ថិភាព ឆាប់រហ័ស និងមានភាពងាយស្រួល ព្រមទាំងមានមុខងារជាច្រើនដូចជា ពិនិត្យមើលសមតុល្យគណនីយ, ធ្វើប្រតិបត្តិការផ្សេងៗ, បើគណនីយប្រាក់បញ្ញើមានការកំណត់, ផ្ទេរប្រាក់, ទូទាត់វិកយបត្រ, បញ្ជូលទឹកប្រាក់ទៅកាន់លេខទូរស័ព្ទ និងមានមុខងារពិសេសៗជាច្រើនទៀត ដែលលោកអ្នកអាចធ្វើប្រតិបត្តិការ បានគ្រប់ទីកន្លែងគ្រប់ពេលវេលា។

លោក Norihiko KATO ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានថ្លែងឲ្យដឹងថា «ថ្ងៃនេះក្នុងនាមធានាគារស្ថាបនា យើងខ្ញុំពិតជាមានមោទនភាពជាខ្លាំង ក្នុងការប្រកាសដំណើរការប្រើប្រាស់កម្មវិធីសម្រាប់ធ្វើ ប្រតិបត្តិការធនាគារតាមទូរស័ព្ទដៃនេះ។ Sathapana Mobile ជាកម្មវិធីដែលនឹងផ្ដល់ជូនអតិថិជន នូវបទពិសោធន៍ថ្មី ប្រកបដោយសុវត្ថិភាពខ្ពស់ និងទទួលបានការប្រើប្រាស់ សេវាធនាគារ ដែលមានគុណតម្លៃ និងភាពរីករាយបន្ថែមទៀត»។

លោកបានបន្ដទៀតថា Sathapana Mobile ជាគំនិតផ្ដួចផ្ដើមសំខាន់មួយរបស់ធនាគារ ដែលទាំងនេះបង្ហាញ​ពីការប្ដេជ្ញាចិត្ត ដើម្បីធ្វើយ៉ាងណាបម្រើអតិថិជន និងបំពេញតម្រូវការហិរញ្ញវត្ថុទំនើប របស់អតិថិជន តាមរយៈការប្រើប្រាស់តាមប្រព័ន្ធទូរស័ព្ទដៃ។សូមបញ្ជាក់ថា Sathapana Mobile មានលក្ខណៈពិសេសដូចជា៖

១៖ ពិនិត្យមើលសមតុល្យ និងប្រតិបត្តិការគណនី មានន័យថា របាយការណ៍សង្ខេបអំពីគណនី ពិនិត្យនិងទាញយកប្រតិបត្តិការ ក្នុងកំឡុងពេល១៨០ថ្ងៃចុងក្រោយបន្ទាប់ពីសន្សំ
ឬគណនីចរន្ដរបស់លោកអ្នក។

២៖ បើកគណនីមានកាលកំណត់៖ បង្កើត និងគ្រប់គ្រងគណនីមានកាលកំណត់។

៣៖ ផ្ទេរប្រាក់ មានន័យថា ធ្វើការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក ផ្ទេរប្រាក់រវាងគណនីផ្ទាល់ខ្លួន ផ្ទេរប្រាក់ទៅគណនីផ្សេងទៀត ឬផ្ទេរប្រាក់ទៅគណនីក្នុងសមាជិក Fast ផ្ទេរប្រាក់ទៅកាន់ដៃគូរ ផ្ដល់សេវាកម្ម ទូទាត់ (PSP)។

៤៖ ធ្វើប្រតិបត្តិការលើប័ណ្ណឥណទាន ពិនិត្យមើលសមតុល្យ និងប្រតិបត្តិការប័ណ្ណឥណទាន ទូទាត់ វិក្កយបត្រប័ណ្ណឥណទាន ឬបង្ខាំងប័ណ្ណរបស់លោកអ្នក។

៥៖ ការទូទាត់វិក្កយបត្រ ការទូទាត់វិក្កយបត្រទៅក្រុមហ៊ុន ដែលជាដៃគូរសហការណ៍។

៦៖ បញ្ជូលកាតទូរស័ព្ទ បញ្ជូលទឹកប្រាក់ភ្លាមៗ ទៅកាន់លេខទូរស័ព្ទដៃរបស់លោកអ្នក។

៧៖ ប្រើស្នាមម្រាមដៃសម្រាប់ចូលប្រើប្រាស់ ប្រើបស្នាមម្រាមដៃ ដើម្បីចូលប្រើប្រាស់ Sathapana Mobile នៅលើកម្មវិធី iOS ឬ Android បានយ៉ាងឆាប់រហ័ស៕