(ភ្នំពេញ)៖ ដើម្បីធ្វើឲ្យការដឹកជញ្ជូនទំនិញឆ្លងកាត់តាមកំពង់ផែកាន់តែមានភាពងាយស្រួលថែមទៀតនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចាប់ផ្តើមសិក្សារៀបចំប្រព័ន្ធកំពង់ផែ EDI (Eletronic Data Interchage) ដែលមានតម្លៃប្រមាណ ១៤លានដុល្លារអាមេរិកជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ គម្រោងរៀបចំប្រព័ន្ធកំពង់ផែ EDI បានឈានដល់ការចុះតហត្ថលេខាលើពង្រាងរបាយការណ៍នៃគម្រោងសិក្សារៀបចំហើយ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងរវាងលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយមន្រ្តីជាន់ខ្ពស់របស់អង្គការ JICA។
លោក តូច ចាន់កុសល បានគូសបញ្ជាក់ថា ប្រព័ន្ធកំពង់ផែ EDI នេះ នឹងចូលរួមកាត់បន្ថយការចំណាយពេលវេលារបស់កប៉ាល់ក្នុងការចេញចូលកំពង់ផែ, លុបបំបាត់ការចំណាយក្រៅផ្លូវការកុំឲ្យមានការជួបគ្នារវាងអ្នកផ្តល់សេវា និង អ្នកទទួលសេវា, ទំនើបកម្មកំពង់ផែកម្ពុជាស្របតាមកំពង់ផែទាំងឡាយនៅលើសាកលលោកដែលអាចទាក់ទាញឲ្យកាប៉ាល់នានាចេញចូលបានច្រើនជំរុញដល់ការលូតលាស់សេដ្ឋកិច្ចជាតិបានឆាប់រហ័ស។
លោកបណ្ឌិត Masahiko FURUICHI ទីប្រឹក្សាជាន់ខ្ពស់ផ្នែកដឹកជញ្ជូននៃអង្គការ JICA ធ្លាប់បានគូសបញ្ជាក់ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាលើគម្រោងរៀបចំប្រព័ន្ធកំពង់ផែ EDI ជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាពេលកន្លងទៅថា គម្រោងប្រព័ន្ធកំពង់ផែ EDI មានតម្លៃ ១៤លានដុល្លារអាមេរិក នឹងដាក់ឲ្យដំណើរការនៅខែមេសា ឆ្នាំ២០២១ខាងមុខ ហើយការសិក្សាលើរបាយការណ៍ចុងក្រោយ នឹងត្រូវរៀបចំឡើងដោយមានធាតុចូលពីក្រសួងសាធារណការ និងដឹកជញ្ជូនអង្គការ JICA និងភាគីពាក់ព័ន្ធនានាផងដែរ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់អង្គការ JICA លើគំនិតផ្តួចផ្តើមស្តីពីប្រព័ន្ធកំពង់ផែEDIនេះ។ លោកទេសរដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តឲ្យក្រុមការងារបេសកកម្មសហការថែមទៀតជាមួយក្រសួង កំពង់ផែស្វយ័តក្រុង ភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ភ្នាក់ងារនាវាចរកម្ពុជា (កាំសាប) អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានសំណូមពរបន្ថែមឲ្យក្រុមការងារបេសកកម្មរបស់អង្គការJICA សម្របសម្រួលការងាររបស់ខ្លួនជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈរបស់ក្រសួង ដើម្បីផ្តល់ធាតុចូល បន្ថែមទៀតដោយធានាថា គម្រោងនេះនៅតែដំណើរការតាមការគ្រោងទុក៕