(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ បានប្រគល់រថយន្តសង្គ្រោះ ១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់មន្ទីរសុខាភិបាលខេត្ត ដើម្បីបម្រើដល់វិស័យសុខាភិបាល។
ក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល បានលើកឡើងថា ដោយសាររថយន្តសង្គ្រោះនៅខេត្តប៉ៃលិន មិនទាន់គ្រប់គ្រាន់តាមតម្រូវការ, សម្តេចក្រឡាហោម ស ខេង បានផ្តល់រថយន្តសង្គ្រោះ ១គ្រឿង ដល់មន្ទីរសុខាភិបាលខេត្ត ដើម្បីបម្រើដល់វិស័យសុខាភិបាល។ លោកបន្តថា រថយន្តសង្គ្រោះនេះ មានសារៈសំខាន់ណាស់ សម្រាប់ជួយប្រជាពលរដ្ឋដែលមានជំងឺផ្សេងៗ ដឹកទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា និងក្នុងគ្រាមានអាសន្នផងដែរ។
លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែក ប្រធានមណ្ឌលសុខភាព និងមន្ត្រីសុខាភិបាលទាំងអស់ ដែលអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលរថយន្តសង្គ្រោះនេះ ត្រូវបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ ការពិនិត្យ និងព្យាលបាលជំងឺ ជូនដល់ប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវជួយថែរក្សារថយន្តសង្គ្រោះនេះឱ្យបានល្អ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង សម្រាប់បម្រើសេវាដឹកជញ្ជូនអ្នកជំងឺពីមូលដ្ឋានមកកាន់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ឱ្យបានទាន់ពេលវេលា។
បើតាមការបញ្ជាក់របស់លោកគ្រូពេទ្យ អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា បច្ចុប្បន្ននៅខេត្តប៉ៃលិន មានរថយន្តសង្គ្រោះរបស់រដ្ឋចំនួន ០៤គ្រឿង ក្នុងនោះនៅមន្ទីរពេទ្យបង្អែកខេត្តចំនួន ០៣គ្រឿង និងមណ្ឌលសុខភាពភ្នំព្រាល ០១គ្រឿង សរុបទាំងអំណោយរបស់សម្តេចក្រឡាហោម មានចំនួន ០៥គ្រឿង៕