(ពោធិ៍សាត់)៖ ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា មានហេតុការណ៍គ្រោះធម្មជាតិមួយ បង្កជាភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បង្កើតឲ្យមានរន្ទះបាញ់ស្លាប់មនុស្ស២នាក់ និងរលំផ្ទះ៣ខ្នង របើកដំបូល៤ខ្នង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣៖០០រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិផ្លូវលួង និងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាន បានឲ្យដឹងថា ករណីគ្រោះធម្មជាតិ នៅភូមិផ្លូវលួង បង្កឲ្យរបើកដំបូល៣ខ្នង, រលំផ្ទះ៣ខ្នង និងភូមិព្រែកត្របែករបើកដំបូលផ្ទះ១ខ្នង។
ស្របពេលជាមួយគ្នានោះ មានរន្ទះបាញ់១លើកបណ្តាលឲ្យស្លាប់មនុស្ស២នាក់គឺ៖ ១. ឈ្មោះ ប៉ិល យោម ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ, ២. ឈ្មោះ ធន ថង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។
ករណីរន្ទះបាញ់នេះ ក៏បានបង្កឲ្យរងរបួសស្រាលម្នាក់ដែរគឺ ឈ្មោះ ស្រី គីម ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ។ អ្នកទាំងបីនាក់រស់នៅភូមិព្រែកត្របែកឃុំកញ្ជរ ស្រុកកណ្តៀង ដោយមូលហេតុពួកគាត់ទៅឃ្វាលគោ ឃើញមេឃភ្លៀងក៏ដេញគោមកផ្ទះវិញ ក៏ត្រូវរន្ទះបាញ់តែម្តង។
ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចប៉ុស្តិ៍កញ្ជរ បានចុះដល់កន្លែងកើតហេតុពិនិត្យសាកសព ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យ និងបើតាមព័ត៌មានពីជនរងគ្រោះ បានបញ្ជាក់ថា អ្នកទាំង២នាក់បានស្លាប់ដោយរន្ទះបាញ់ប្រាកដមែន។ ក្រោមពិនិត្យសាកសពហើយ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕