(ភ្នំពេញ)៖ ទីតាំងផ្សារ និងជាតំបន់ទេសចរណ៍ធំមួយ មានឈ្មោះថា «World Bridge Arena» (WB Arena) ដែលមានទីតាំងស្ថិតនៅលើផ្ទៃដីធំល្មមមួយ នៅមាត់ទន្លេ ក្នុងសង្កាតចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រកាសជាផ្លូវការថា គម្រោងទ្រង់ទ្រាយធំរបស់ខ្លួន នឹងបើកដំណើរការ នៅដើមខែ១១ខាងមុខ។ នៅលើផ្ទៃដីជាច្រើនហិកតា គម្រោងនេះក្រៅពីមានជាផ្សារទំនើប តំបន់លម្ហែកាយ ទីលានទស្សនាសិល្បៈ-ក្បាច់គុនខ្មែរ ក៏មានកន្លែងក្មេងលេង ហាងចំណីអាហារ និងមានជាទូក កម្សាន្ត ជិះលេងតាមដងទន្លេ។
លោក សាយម៉ុន គ្រីហ្វីត នាយកគ្រប់គ្រងក្រុមហ៊ុន «Urban Asset Solutions» បានថ្លែងក្នុងពីធីប្រកាសបង្ហាញពីគម្រោង នៅព្រឹកថ្ងៃ២១ សីហា នេះថា ផ្សារកម្សាន្ត WB Arena នឹងក្លាយជាតំបន់លំហែរកាយ បែបទេសចរណ៍ដ៏ទាក់ទាញមួយ នៅក្នុងតំបន់ចាក់អង្រែក្រោម ជាប់មាត់ទន្លេ។ គម្រោងនេះប្រកាសបោះទុនជាង១០លានដុល្លារ ដោយរួមមានផ្សារទំនើប ហាងប្រេនៗ និងកន្លែងសម្រាប់អង្គុយកម្សាន្តយ៉ាងសំបូរបែប បំពេញសេចក្ដីត្រូវការរបស់អ្នកទស្សនា និងចូលចិត្តលំហែរកាយ។ គម្រោងមួយនេះ មានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារតែមានផ្ទៃដីធំទូលាយ ជាប់មាត់ទន្លេ និងស្ថិតក្នុងតំបន់ប្រជុំជន លើផ្លូវធំក្នុងតំបន់ចាក់អង្រែក្រោម ដែលល្អបំផុតសម្រាប់អាជីវកម្មហាងទំនើប និងអ្នកចូលចិត្តកម្សាន្ត នៅក្នុងភ្នំពេញ។
លោក យុគ សុធីរិទ្ធ ប្រធានគ្រប់គ្រងទូទៅនៃតំបន់កម្សាន្ត World Bridge Home បានថ្លែងបញ្ជាក់ថា គម្រោងបង្កើតតំបន់កម្សាន្តនេះ នឹងផ្ដល់ឱកាសឲ្យពាណិជ្ជករធំៗ និងអ្នកកម្សាន្តទាំងក្នុងស្រុក និងក្រៅស្រុក ឲ្យកាន់តែជិតស្និទ្ធគ្នា ក្រោយពេលដំណើរការ។ ទុនជាង១០លានដុល្លារសម្រាប់គម្រោងទាំងមូល នៅមិនទាន់ប្រាកដថា នឹងបានគ្រប់គ្រាន់ដូចការគ្រោងទុកនោះទេ ដោយសារតែភាពជាក់ស្ដែង គឺទីតាំង WB Arena នឹងត្រូវអភិវឌ្ឍន៍ច្រើនគម្រោង និងមានកម្មវិធីថ្មីៗប្លែកៗ ដើម្បីទាក់ទាញអ្នកទេសចរណ៍។ ទីតាំងនេះ ក៏នឹងក្លាយជាផ្សារទំនើប និងកន្លែងកម្សាន្តនាពេលរាត្រីដ៏ស្រស់ស្អាត ជាពិសេសសម្រាប់អ្នករស់នៅត្រើយម្ខាងនៃទន្លេ និងអ្នកជិះកាណូតទេសចរណ៍ទស្សនា តាមការរៀបចំរបស់ក្រុមហ៊ុន។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងបញ្ជាក់ថា វត្តមាន WB Arena នឹង ទាក់ទាញអ្នកទស្សនាទាំងជាតិ និងអន្តរជាតិឲ្យមកកម្សាន្តមិនតិចនោះទេ ដោយសារតែគម្រោងមួយនេះ ក្រៅពីមានផ្សារទំនើប មានអាហារដ្ឋាន និងកន្លែងអង្គុយកម្សាន្ត ក៏មានសិល្បៈតន្ត្រីឲ្យអ្នកទេសចរណ៍បានកម្សាន្ត ហើយថែមទាំំងមានទូកជិះលំហែរ ដែលល្អបំផុតសម្រាប់អ្នកទេសចរណ៍។
សូមបញ្ជាក់ថា ផ្សារទំនើប និងតំបន់ទេសចរណ៍ «World Bridge Arena» នេះ នឹងក្លាយជាទីតាំងប្រមូលផ្ដុំទំនិញទំនើបៗ ដោយក្រៅពីអាចដើរផ្សារ និងអង្គុយទទួលទានអាហារឆ្ងាញ់ៗ ក្នុងហាងល្បីៗ ក៏អាចទស្សនាការសម្ដែងសិល្បៈ អមដោយការប្រដាល់ និងការសម្ដែងក្បាច់គុនល្បុកត្តោ ក្រោមការសហការពីស្ថាប័នពាក់ព័ន្ធ នៃក្រសួងវប្បធម៌ផងដែរ។ គម្រោងដែលនឹងចំណាយរហូតដល់ជាង១០លានដុល្លារ នឹងទាក់ទាញអ្នកទេសចរណ៍បានច្រើន ខណៈដែលក្រុមហ៊ុនក៏បានបោះទុន រៀបចំកញ្ចប់ទេសចរណ៍ ដើម្បីទាក់ទាញអ្នកទេសចរណ៍ ដែលមកស្នាក់នៅនៅក្នុងរាជធានីភ្នំពេញ ឲ្យចាប់អារម្មណ៍មកកម្សាន្ត នៅក្នុងតំបន់ WB Arena៕