(ភ្នំពេញ)៖ យោងតាមអនុក្រឹត្យលេខ ១២៣.អនក្រ.បក ស្តីពី ការបង្កើតរង្វាន់ពិសេសសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥, ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានបង្កើតប្រព័ន្ធវាយតម្លៃចលនាប្រឡងប្រណាំងរង្វាន់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ ដែលមានស្នាដៃឆ្នើមខាងថែរក្សាឆ្នេរសមុទ្រ ឬហៅកាត់ថាឆ្នេរស្អាត «Beach Eco-Label»។
ប្រព័ន្ធនេះ អនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលរួមវាយតម្លៃអនឡាញដោយគ្រាន់តែ Scan QR code ឬចូលតាមតំណ Link http://www.cambodiacleancity.gov.kh/kh/beach ។
ការបង្កើតប្រព័ន្ធវាយតម្លៃអនឡាញនេះ ជាការចូលរួមអនុវត្តន៍ចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ពិសេសជាការអភិវឌ្ឍទេសចរណ៍វៃឆ្លាត (Smart Tourism) ផងដែរ។