(កំពង់ចាម)៖ មន្រ្តីកាំកុងត្រូលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ សហការជាមួយមន្ទីរពាណិជ្ជកម្ម បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដែលដាក់តាំងលក់ តាមផ្ទះលក់ទំនិញផ្សារពាមជីកង នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងការចុះពិនិត្យរកទំនិញខូចគុណភាពនៅក្នុងផ្សារពាមជីកង គឺបានធ្វើតេស្តបឋមទៅលើផលិតផលមួយចំនួន ដែលដាក់តាំងលក់។
បើតាមលោក ស៊ាន ស៊ីណាត មន្រ្តីកាំកុងត្រូលរបស់លោកបានរកឃើញទំនិញមួយចំនួនដែលខូចគុណភាពផងដែររួមមាន៖
ទី១៖ ចាហួយម៉ាក Gold Bull ចំនួន១៤ប្រអប់
ទី២៖ ទឹកក្រូចម៉ាក Honey ចំនួន៨ដប
ទី៣៖ ស្ករគ្រាប់ម៉ាក coconut ចំនួន៧កញ្ចប់។
ជាមួយគ្នានេះ លោក ស៊ាន ស៊ីណាត ក៏បានសំណូមពរ ដល់អាជីវករទាំងអស់ សូមកុំខឹងមន្រ្តីកាំកុងត្រូល ដែលចុះទៅពិនិត្យ និងដកហូតទំនិញខូចគុណភាពទាំងនោះ ព្រោះថាបើមិនដកហូតទេ មិនដឹងថា ប្រជាពលរដ្ឋ ប៉ុន្មាននាក់ដែលទទួលទាន ហើយខូចសុខភាពនោះ។
លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណាដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។
ជាមួយគ្នានោះដែរក្រុមការងារ បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលការ បរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ៕