(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ លើកទី០៨ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ។
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ ជាព្រឹត្តិការណ៍រួមគ្នានៃពិព័រណ៌ការងារថ្នាក់ជាតិលើកទី០៨ និងយុទ្ធនាការផលិតភាពជាតិ លើកទី២ រៀចំឡើងស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (២០១៤-២០១៨) គោលនយោបាយជាតិមុខរបរ និងការងារ(២០១៧-២០២៥) និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(២០១៧-២០២៥) ក្នុងគោលដៅធ្វើជាកន្លែងជួបជុំរវាងនិយោជកអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងអ្នកស្វែងរកការងារធ្វើ នៅមួយកន្លែងងាយស្រួលផ្លាស់ប្តូរ និងចែករំលែកព័ត៌មានទីផ្សារការងារ និងដើម្បីលើកកម្ពស់ការយល់ដឹង និងបណ្តុះគំនិតអំពីផលិតភាពការងារ។
តាមការគ្រោងទុកពិព័រណ៍ការងារថ្នាក់ជាតិ នឹងទាក់ទាញអ្នកចូលរួមទស្សនាប្រមាណជាង៣ម៉ឺននាក់ ដោយនាំមកនូវក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួន១៣០ ដែលនឹងចូលរួមតាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម មគ្គុទេសក៍ និងបទពិសោធន៍សម្រាប់ឈានចូលទីផ្សារការងារ ព្រមទាំងឱកាសបណ្តុះបណ្តាលជំនាញ។
សូមជម្រាបថា រហូតមកដលពេលនេះ មានក្រុមហ៊ុនជាដៃគូធំៗ ដែលចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ចំនួន១០រួចមកហើយ ក្នុងនោះមាន៖ ធនាគារ Canadia PLC, មីក្រូហិរញ្ញវត្ថុ Prince Microfinance PLC Cambodia, មីក្រូហិរញ្ញវត្ថុ Amret Microfinance, ក្រុមហ៊ុន Beverage Company Ltd, ក្រុមហ៊ុន Chip Mong Group, ក្រុមហ៊ុន ISI Steel, ក្រុមហ៊ុនទូរស័ព្ទ Smart, ក្រុមហ៊ុន RMA, ក្រុមហ៊ុន Heniken និងក្រុមហ៊ុន Prince Group និងមានក្រុមហ៊ុនចូលរួម សហការឧបត្ថមប្រមាណ៩៧ក្រុមហ៊ុន ព្រមទាំងមានបញ្ជរសរុបប្រមាណ១០៨ រួចមកហើយ។
គោលបំណងនៃការរៀបចំព្រឹត្តិកាណ៍ការងារ និងផលិតភាពជាតិដ៏ធំនេះឡើង គឺដើម្បីឱ្យនិយោជកធ្វើការផ្សព្វផ្សាយពីផែនការ តម្រូវការ គោលនយោបាយក្នុងការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគត ដើម្បីទាក់ទាញអ្នកស្វែងរកការងារធ្វើដែលមានសមត្ថភាព។ ផ្តល់ការអប់រំបណ្តុះបណ្តាលផ្សព្វផ្សាយកម្មវិធីសិក្សាវគ្គខ្លីៗ និងកម្មវិធីអភិវឌ្ឍជំនាញផ្សេងៗ។
អ្នកចូលរួមជាពិសេសអ្នកស្វែងរកការងារ ធ្វើអាចដាក់ពាក្យសុំបម្រើការងារ នៅនឹងកន្លែងផ្ទាល់ ព្រមទាំងទទួលបានព័ត៌មាន អំពីឱកាសការងារនាពេលបច្ចុប្បន្ន និងពេលអនាគត តម្រូវការឱកាសក្នុងការអភិវឌ្ឍជំនាញ។ បណ្តុះគំនិត នៃការយល់ដឹងអំពីផលិតភាពការងារដល់សាធារណជនទូទៅពិសេស ក្នុងចំណោម សមាជិករបស់ GMAC ទាំងអ្នកគ្រប់គ្រង ប្រធានផ្នែក និងកម្មករនិយោជិត។ ក្រុមហ៊ុន សហគ្រាស អាចបង្កើនការទំនាក់ទំនងដើម្បីស្វែងរកដៃគូសហការពាណិជ្ជកម្ម និងចែករំលែកនូវព័ត៌មានអំពីតម្រូវការ និងការផ្គត់ផ្គង់ជំនាញនាពេលបច្ចុប្បន និងអនាគត។
ជាមួយគ្នានេះ ប្រសិនបើជាម្ចាសក្រុមហ៊ុន គ្រឹះស្ថានអប់រំ សហគ្រាសមានបំណង់ចង់ចូលរួមជាវបញ្ជរ ដើម្បីជ្រើសរើសបុគ្គលិក ឬបង្ហាញពីផលិតផលក្រុមហ៊ុនរបស់ខ្លួន អាចទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 017 871 807/ 017 467 423/ 017 467 423៕