(បន្ទាយមានជ័យ)៖ ប្រជាកសិករ និងមន្ត្រីអាជ្ញាធរដែនដី មន្ត្រីធនធានទឹក បាននិងកំពុងសម្រុកបូមទឹក ដើម្បីបន្ធូរពីប្រឡាយ និងវាលស្រែផង ព្រមទាំងសម្រុកដាក់ម៉ាស៊ីនច្រូតកាត់ស្រូវប្រាំង ឬហៅ ថាស្រូវស្រាលដើមរដូវវស្សាជាច្រើនហិចតា ខណៈជំនន់ទឹកភ្លៀងបន្តហក់ឡើង នៅភូមិសាស្ត្រវាលស្រែ ក្នុងឃុំនានានៃដងស្ទឹងមង្គលបូរី ប៉ែកខាងលើ។
ក្នុងចំណោមកសិករទាំងនោះប្រជាកសិករសហគមន៍នៅភូមិនាងកេត ឃុំឬស្សីក្រោក ស្រុកមង្គលបូរី សហការជាមួយភ្នាក់ងារភូមិ អាជ្ញាធរឃុំ ស្រុក ខេត្ត និងមន្ទីរធនធានទឺកខេត្ត បានដាក់ម៉ាស៊ីនបូមរំដោះទឹកចេញ ពីប្រព័ន្ធប្រឡាយមេពោធិ៍២ដើម ដើម្បីសង្រ្គោះបន្ទាន់នូវការបន្ធូរទឹកពីប្រឡាយ ក៏ដូចជាពីក្នុងស្រែដែលមានស្រូវកំពុងជិតទុំ និងទុំ។
លោក ហ៊ាប ប៊ុតហ៊ួ មេភូមិនាងកេត បានឲ្យដឹងថា សកម្មភាពបូមរំដោះទឹកក្នុងប្រឡាយ និងក្នុងស្រែដែលបង្កពីជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីខ្សែទឹកខាងលើនៃប្រឡាយនេះ បានផ្តើមពីល្ងាចថ្ងៃទី៣០ ខែកក្កដា។ ដំណើរការនេះ មានម៉ាស៊ីនបូមទឹកភាគច្រើនជារបស់កសិករផ្ទាល់ ប្រើប្រេងកសិករផ្ទាល់ និងជំនួយខ្លះពីអាជ្ញាធរ និងមានម៉ាស៊ីនបូមទឹកធំមួយពីមន្ទីរធនធានទឹក។
លោកបន្តថា ទន្ទឹមនឹងនោះ ប្រជាកសិករសម្រុកជាខ្លាំងដាក់ម៉ាស៊ីនច្រូតស្រូវ ហើយទាក់ទងឈ្មួញចុះទៅទិញដល់វាលស្រែតែម្តង។
ចំណែកលោក អ៊ូ សុភាព អភិបាលរងស្រុកមង្គលបូរី ក៏ប្រាប់ភ្នាក់ងារសារព័ត៌មានដែរថា សកម្មភាពបូមទឹក និងសម្រុកច្រូតស្រូវមិនទាន់ទុំល្អ និងស្រូវទុំនេះ គឺជាការឆ្លើយតបគ្រាអាសន្ន ដើម្បីកុំឲ្យស្រូវស្រាលដើមរដូវ របស់កសិករលិចលង់ និងខូចខាតជាយថាហេតុ ព្រោះជំនន់ទឹកភ្លៀងនៅតែបន្តហូរពីខ្សែទឹកខាងលើនៃប្រព័ន្ធប្រឡាយ។
ចំណែកប្រជាកសិករ ដែលកំពុងប្រមូល និងលក់ផលស្រូវនៅឃុំឬស្សីក្រោក ឃុំបត់ត្រង់ ឃុំរហាត់ទឹក ឃុំចំណោម និងឃុំសឿ នៅបណ្តោយដងស្ទឹងមង្គលបូរីប៉ែកខាងលិច ស្រុកមង្គលបូរី បានប្រាប់ភ្នាក់ងារអង្គភាព Fresh News ឲ្យដឹងថា ដោយសារមានការគំរាមកំហែង ពីជំនន់ទឹកភ្លៀងនេះ ខ្លួនបានបង្ខំចិត្តច្រូតកាត់ទាំងស្រូវមិនទាន់ទុំល្អ តែស្រូវចុះតម្លៃបើប្រៀបធៀបនឹងការប្រមូលផលមុននេះ ដែលមិនប្រថុចញ៉ុច ស្លន់ស្លោរបែបនេះ។
បើតាមប្រជាកសិករប៉ុន្មានថ្ងៃមុននេះ តម្លៃស្រូវសែនក្រអូប និងប្រភេទស្រូវផ្សេងមានស្ថានភាពល្អដែលមានតម្លៃ ១២០០០បាត ប៉ុន្តែពេលនេះបានរហូតធ្លាក់សល់តម្លៃត្រឹមតែ ៨៧០០បាតប៉ុណ្ណោះក្នុង១តោន ស្នើនឹង១,០៤៤,០០០រៀល ខុសគ្នាឆ្ងាយណាស់។ ដូច្នេះសូមឲ្យមានតម្លៃស្រូវមានភាពត្រឹមត្រូវ និងច្បាស់លាស់ តម្លៃដែលពួកគាត់អាចទទួលបាន ៩៥០០បាតស្នើនឹង ១,១៤០,០០០រៀល ហើយក៏ចំណេញថវិកាស ម្រាប់ចិញ្ចឹមអាយុជីវិត។
កសិករបញ្ជាក់ថា «ស្រែ១ហិចតាធ្វើអស់ថវិកា រួមទាំងថ្លៃឈ្មួលសរុប ១២០០០បាត ស្មើនឹង ១,៤៤០,០០០រៀល។ ហើយបើតម្លៃថោក តើពួកយើងរកថវិកាសងគេតាមណា? ដូច្នេះសូមឲ្យរាជរដ្ឋាភិបាល អាជ្ញាធរ ជាពិសេសសមាគមប្រមូលទិញស្រូវ មេត្តាគិតគូរតម្លៃណាមួយ ដែលពួកយើងទទួលបាន»។
ឯកសិករដែលរងគ្រោះត្រូវជំនន់ទឹកភ្លៀង និងទឹកច្រាលពីប្រឡាយព្រែក, ប្រឡាយក្តាន់, ប្រឡាយពោធិ៍២ដើម និងកន្លែងផ្សេងទៀតក្នុងបណ្តាឃុំប៉ែកខាងលិចដងស្ទឹងមង្គលបូរី ដែលរងការលិចលង់ស្រូវជិតទុំ និងស្រូវទុំយ៉ាងច្រើនហិចតាទៅហើយនោះ បានសុំការអន្តរាគមន៍បន្ទាន់ និងចំគោលដៅរបស់មន្ទីរធនធានទឹក និងអាជ្ញាធរភូមិ ឃុំ ស្រុក ជួយរំដោះទឹក។
ករណីនេះ នៅថ្ងៃទី៣១ ខែកក្កដា លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងលោក សួន បវរ អភិបាលខេត្ត បានចុះពិនិត្យទីតាំងបូមរំដោះទឹកចំនួន២កន្លែង នៅចំណុចទ្វារទឹកនាងកេតឃុំឬស្សីក្រោក មួយកន្លែងនៅត្រង់ស្ពានក្រឡ ឃុំបន្ទាយនាង ដើម្បីបន្ធូរទឹករំដោះ សង្រោះស្រូវរបស់កសិករដែលកំពុងលិចលងចំនួន៤ឃុំ គឺឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក និងឃុំបត់ត្រង់៕