(ភ្នំពេញ)៖ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រមាណជិត១,០០០នាក់ របស់គណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ បានបេ្ដជ្ញាចិត្តត្រៀមលក្ខណៈរួចជាស្រេច ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ជូនគណបក្សនយោបាយ និងប្រជាពលរដ្ឋ ឲ្យទទួលបានជោគជ័យ។
ការបេ្ដជ្ញាចិត្ត របស់កងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ជិត១,០០០នាក់ ខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅលើសួនច្បារទីលានប្រជាធិបតេយ្យថ្មី ខាងមុខឃ្លាំងសាំងសូគីមិច ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បន្ទាប់ពីមានការដឹកនាំចង្អុលបង្ហាញ ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ។
ក្នុងនោះ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងមានការចូលរួមពីលោកឧត្តមសេនិយ៍ត្រី ពិត បញ្ញា ស្នងការរងនគរបាលរាជធានីភ្នំពេញ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានធ្វើការត្រួតពិនិត្យ ជាបន្ទាន់ភ្លាមៗ រាល់សមាសភាពកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការត្រៀមលក្ខណៈឲ្យបានមុន ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី៦ ដែលមានស្នាក់ការចំនួន៧ ទីតាំងបោះឆ្នោតចំនួន៩ និងការយាល័យបោះឆ្នោតចំនួន២០១ ជូន គ.ជ.ប និងគណបក្សនយោបាយនានា ព្រមទាំងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌទាំងមូល។
តំណាងឲ្យកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ លោក ជា ពិសី បានថ្លែងថា ខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឧត្តមគតិស្នេហាជាតិ និងមានទស្សនវិស័យច្បាស់លាស់ ការពារអធិបតេយ្យភាព បូរណភាពទឹកដី រក្សាបាននូវសុខសន្តិភាពជូនជាតិមាតុភូមិ ធ្វើឲ្យយើងទាំងអស់គ្នារស់នៅ និងប្រកបរបរទទួលទានពោរពេញ ដោយសុខដុមរមនា។
លោកថា គិតត្រឹមថ្ងៃនេះ នៅសល់៣ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៦ គឺថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ជាថ្ងៃដែលយើងទាំងអស់គ្នា ជាជនជាតិខ្មែរ បានអនុវត្តសិទ្ធិ របស់ខ្លួនឯង ប្រមាណលើតម្លៃជាសកលនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដូច្នេះយើងត្រូវតែបោះឆ្នោតទាំងអស់គ្នា និងបោះឆ្នោតឲ្យចំគោលដៅ ដើម្បីបន្តនិរន្ដរភាពសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែជឿនលឿនទៅមុខថែមទៀត ដើម្បីអនាគតកូនចៅជំនាន់ក្រោយរបស់យើង។
លោក ជា ពិសី បន្តថា ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខណ្ឌ សូមឲ្យកងកម្លាំងប្រដាប់អាវុធ ដែលត្រូវអនុវត្តន៍រួមមាន៖
ទី១៖ សំដៅទប់ស្កាត់រាល់អំពើភេរវកម្ម ការធ្វើវិទ្ធង្សនា វិឆ្ឆេទកម្មសេដ្ឋកិច្ច និងបង្កចលាចលនយោបាយផ្សេងៗ ក្នុងខណ្ឌឬស្សីកែវ ព្រមទាំងកាត់បន្ថយបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទឲ្យថយចុះក្នុងកម្រិតមួយទាបបំផុត ដើម្បីឲ្យមានស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ចាប់ពីពេលនេះ រហូតដល់ដំណើរការបោះឆ្នោតចប់ជាស្ថាពរ។
ទី២៖ ធានាការពារឲ្យបាននូវសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ សម្រាប់ដំណើរការបោះឆ្នោតប្រកាសលទ្ធផលបោះឆ្នោត និងការពារសុវត្ថិភាពទាំងស្រុងជូន ឥស្សរជននយោបាយបេក្ខជនឈរ ឈ្មោះបោះឆ្នោត អ្នកសង្កេតការជាតិ និងអន្តរជាតិ មន្ត្រីរៀបចំការបោះឆ្នោត អ្នកមានសិទ្ធិបោះឆ្នោត ទីស្នាក់ការគណបក្សនយោបាយ ទីតាំងឃោសនាបោះឆ្នោត ការិយាល័យបោះឆ្នោត និងរៀបសន្លឹកឆ្នោត។
ទី៣៖ ពង្រឹងការទទួលខុសត្រូវ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ និងកងកម្លាំងដែលត្រូវបានចាត់តាំង ឲ្យបំពេញភារកិច្ចជាភ្នាក់ងារសន្តិសុខ បោះឆ្នោតសម្រាប់បម្រើឲ្យយុទ្ធនាការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ឲ្យបំពេញមុខងារសាធារណៈបានល្អ គោរពប្រតិបត្តិច្បាប់ បទបញ្ជានិតិវិធី ក្រមសីលធម៌របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើជាមូលដ្ឋានក្នុងការសហប្រតិបត្តិការជាមួយ (គ.ជ.ប) ក្រុមអ្នកសង្កេតការជាតិ និងអន្តរជាតិ គ្រប់គណបក្សនយោបាយ សំដៅបង្កបរិយាកាសកក់ក្ដៅ ដល់ដំណើរការរៀបចំ បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដើម្បីឲ្យប្រព្រឹត្តទៅប្រកប ដោយប្រជាធិបតេយ្យ សេរីយុត្តិធម៌ ត្រឹមត្រូវ និងអាចទទួលយកបាន៕