(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យ យ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបញ្ចាំងរឿង «ភូមិអត់មនុស្ស» ដែលជាវណ្ណកម្មទី១ របស់ផលិតកម្ម Red Picture កាលពីពេលថ្មីៗកន្លងទៅនេះរួចមក នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥នេះ ផលិតកម្ម Red Picture បានសម្រេចចិត្តក្រុងពាលី ចេញថតរឿងថ្មីមួយទៀត មានចំណងជើងថា «ទង់ព្រលឹង» ដែលសាច់រឿងមានភាពប្រទាក់ក្រឡាគ្នា បន្តពីរឿង «ភូមិអត់មនុស្ស»។
ក្នុងពិធីក្រុងពាលីថត នៅព្រឹកមិញនេះ គេសង្កេតឃើញតារាសម្ដែង ស្ទើរតែទាំងអស់ ក្នុងរឿង«ភូមិអត់មនុស្ស» បានចូលរួម ក៏ប៉ុន្តែក្នុងរឿង«ទង់ព្រលឹង» មានបន្ថែមនូវតួសម្ដែងថ្មីៗខ្លះទៀត ដើម្បីឲ្យសាច់រឿងកាន់តែពិសេស និងអស្ចារ្យជាងមុន ព្រោះថ្វីដ្បិតតែរឿងនេះ ជាប្រភេទរឿងខ្មោចដូចគ្នា តែឈុតឆាកទាំងមូល គឺមិនដូចគ្នានោះទេ។
លោក ឌៀប សុវណ្ណដារ៉ា ចាងហ្វាងផលិតកម្ម Red Picture បានថ្លែងឲ្យ Fresh News ដឹង នៅក្នុងពិធីក្រុងពាលី នោះថា រឿង«ទង់ព្រលឹង» ជាស្នាដៃទី២ របស់ផលិតកម្ម Red Picture ហើយត្រូវបានសម្រាំងសម្រាំងឡើងយ៉ាងពិសេស ទាំងបច្ចេកទេស ទាំងតួសម្ដែង និងទីតាំងថត មិនឲ្យចាញ់រឿងទី១នោះទេ ខណៈរឿង«ទង់ព្រលឹង»នឹងគ្រោងចំណាយទុនប្រមាណ ជាង៥ម៉ឺនដុល្លារ។ ម្យ៉ាងទៀតបន្ទាប់ពីជោគជ័យខ្លាំង ក្នុងពេលបញ្ចាំងរឿង «ភូមិអត់មនុស្ស» ទើបផលិតកម្ម Red Picture សម្រេចចិត្តថតបន្តពីរឿងនេះ ដោយរក្សាតួសម្ដែង និងទីតាំងថតនៅដដែល គ្រាន់តែប្ដូរចំណងជើងរឿង ពោលមិនដាក់ថា «ភូមិអត់មនុស្សវគ្គទី២» នោះទេ។
នៅពេលមានសំណួរថា ហេតុអ្វីបានជាផលិតកម្ម Red Picture ចូលចិត្តផលិតតែរឿងបែបខ្មោច ព្រាយបិសាច ដាក់បញ្ចាំងតាមរោងភាពយន្ត ? ចាងហ្វាងវ័យក្មេង និងជាផលិតកររូបនេះ បានឆ្លើយថា ផលិតកម្មរបស់លោក ផលិតរឿងតម្រូវតាមទីផ្សារ របស់អ្នកទស្សនា ព្រោះបច្ចុប្បន្ននេះ លោកមើលឃើញថា អ្នកទស្សនាចូលចិត្តមើល រឿងខ្មោចព្រាយ បែបភ័យរន្ធត់នេះច្រើន ប៉ុន្តែបើផលិតកម្មលោក ថតរឿងបែបស្នេហា វ៉ៃប្រហារ គឺត្រូវត្រៀមលុយខាតឲ្យហើយទៅ ព្រោះគ្មានអ្នកមើល។ លើសពីនេះក៏ត្រូវចាយទុនច្រើនផងដែរ ក្នុងការផលិត ដូច្នេះផលិតកម្មរបស់លោក នៅក្មេងខ្ចីបែបនេះ លោកមិនទាន់ហ៊ានផលិតរឿងណាមួយ ខុសពីរឿងខ្មោច នាំឲ្យខាតចំណូលនោះទេ ប៉ុន្តែពេលផលិតកម្ម របស់លោករឹងដៃរឹងជើង មានទុនគ្រប់គ្រាន់ លោកនឹងពិចារណា ផលិតបែបស្នេហាវិញម្ដង ។
ទោះយ៉ាងណាក្ដី លោក ឌៀប សុវណ្ណដារ៉ា បានបង្ហាញពីក្ដីរំពឹងយ៉ាងមុតមាំថា រឿង«ទង់ព្រលឹង» នឹងទទួលបានអ្នកចូលទស្សនា មិនចាញ់រឿង «ភូមិអត់មនុស្ស» ឡើយ ព្រោះលោកសំអាងថា រឿងនេះត្រូវបានរៀបចំឡើងយ៉ាងពិសេសបំផុត ទាំងតួសម្ដែង កាមេរ៉ា ទីតាំងថត និងបច្ចេកទេសកាត់ត។ ម្យ៉ាងទៀតរឿងនេះ ត្រូវបញ្ចាំងចំថ្ងៃពិសេស របស់យុវវ័យ គឺថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ដូច្នេះនឹងមានអ្នកចូលទស្សនាយ៉ាងច្រើនកុះករ ជាក់ជាមិនខាន៕