(ភ្នំពេញ)៖ សាសនិកឥស្លាមនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានប្រកាសថា ពួកគាត់នឹងមិនផ្លាស់ប្តូរយកសង្រ្គាម ជំនួសឲ្យសន្តិភាពរបស់កម្ពុជា ដែលមានសព្វថ្ងៃនេះឡើយ។
ពួកគាត់ប្តេជ្ញាបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាឲ្យបាននូវសន្តិភាព ស្ថិរភាព ហើយថានឹងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានដើម្បីបន្តការអភិវឌ្ឍរបស់ប្រទេសបន្តទៀត។
ការប្រកាសជំហររបស់ សកម្មជន និងតំណាងអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា បានធ្វើឡើងក្នុងឱកាសដែល លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា អមដំណើរដោយ លោក លោកស្រី សមាជិក សមាជិកា គណចលនា បានអញ្ជើញសំណេះសំណាល និងឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។
នៅក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ ក៏បានផ្សព្វផ្សាយអំពីគោលនយោបាយទាំង១១ខ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់រយៈពេល៥ឆ្នាំបន្ត នាអាណត្តិទី៦ ឆ្នាំ២០១៨-២០២៣។
បន្ទាប់មកថ្នាក់ដឹកនាំគណៈចលនា ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ក៏បានបន្តជួបសំណេះសំណាល និងឃោសនារកសម្លេងឆ្នោត ជាមួយប្រជាពលរដ្ឋនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅផងដែរ៕