(ភ្នំពេញ)៖ លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំសិល្បករ-សិល្បការិនីជាច្រើនរូប ចូលរួមសកម្មភាពជិះទូក ចែកអំណោយដល់បងប្អូន ជនរងគ្រោះ ដោយសារទឹកជំនន់ ស្ថិតនៅភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ។
ថ្លែងនាឱកាសនោះ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ បានលើកឡើងថា ក្នុងនាមលោកជាអជ្ញាធរដែនដី ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលគ្រោះធម្មជាតិទឹកជំនន់នេះ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ និងខូចខាតទ្រព្យសម្បត្តិបងប្អូន ប្រជាពលរដ្ឋមួយចំនួន។ តែទោះជាយ៉ាងណា ក្នងនាមលោកជាអភិបាលខណ្ឌ មិនប្រងើយកន្តើយបោះបង់ពួកគាត់ចោលឡើយ គឺនៅជាប់កៀកជានិច្ច ដោយលោកបានដាក់ទីស្នាក់ការ កងកម្លាំងសង្រ្គោះស្រាល នៅក្នុងភូមិរបស់បងប្អូន ដោយមានក្រុមគ្រូពេទ្យ និងម្ហូបអាហារសំរាប់បងប្អូន ទទួលទានមិនឲ្យខ្វះខាតឡើយ។
លោក ហែម ដារិទ្ធ បញ្ជាក់បន្ថែមទៀតថា ការខិតខំយកចិត្តទុក្ខដាក់ របស់ថ្នាក់ដឹកនាំខណ្ឌ ចំពោះប្រជាពលរដ្ឋ ក្រោមការចង្អុលបង្ហាញរបស់លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ធ្វើយ៉ាងយ៉ាងណា គឺជួយលើកទឹកចិត្ត ចំពោះបងប្អូនប្រជាពលរដ្ឋ កុំឲ្យប្រជាពលរដ្ឋឯកា នៅពេលដែលពួកគាត់ មានទុក្ខលំបាក មានន័យថា សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខពួកយើង។
សូមបញ្ជាក់ថា ចំពោះវត្តមានសិល្បករ-សិល្បការិនី ដែលបានចូលរួមសកម្មភាព ចែកអំណោយនោះ រួមមាន អ្នកនាង សុន ណារីម៉ូនីការ, លោក ម៉ាដូណា, លោក អ៊ឹម ជីវ៉ា ,កញ្ញា បេប៊ី ,លោក វុទ្ធី ,កញ្ញា អ៊ុង នីនិច្ច និងក្រុមបង្ហាញម៉ូត BN model និងអ្នកសិល្បៈមួយចំនួនទៀត៕