(កំពង់ស្ពឺ)៖ លោក លឹម គាហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ក្រោយទឹកជំនន់ហាក់ហក់ឡើងខ្លាំង ដោយតំបន់ខ្លះឈានដល់ចំណុចដែលត្រូវប្រកាសអាសន្ន។
បន្ទាប់ពីបានចុះពិនិត្យដោយផ្ទាល់លើស្ថានភាពទឹកជំនន់នៅស្ទឹងស្រែខ្លុង និងស្ទឹង២ផ្សេងទៀត ដែលហូរចាក់ចូលទៅស្ទឹងព្រែកត្នោតរួចមក លោករដ្ឋមន្ត្រី បានធ្វើការណែនាំដល់ក្រុមមន្ត្រីបច្ចេកទេស ដោយបែងចែកជា៦ក្រុម ដើម្បីពិនិត្យ និងតាមដានឲ្យបានខ្ជាប់ខ្ជូនលើកបញ្ហានេះ។
បើតាមលោករដ្ឋមន្ដ្រី ក្រុមទី១៖ ត្រូវប្រចាំការតាមដានលើស្ថានភាពទឹកជំនន់ និងរបាយទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច, ក្រុមទី២៖ ត្រូវប្រចាំការនៅទ្វារទឹករលាំងជ្រៃ ហើយត្រូវបន្តបើកទ្វារទាំងអស់ទម្លាក់កំពស់ទឹកក្នុងស្ទឹងព្រែកត្នោតឲ្យទាប ដើម្បីស្រូបយកទឹកជំនន់ ពីស្ទឹងស្រែខ្លុងបានលឿន, ក្រុមទី៣៖ ដែលកំពុងប្រចាំការនៅទំនប់៧មករា (កំពង់ទួល) ត្រូវបន្តរំដោះទឹកចេញបន្ថែម ដើម្បីកុំឲ្យចាល់ទឹកដែលទម្លាក់ពីកំពង់ស្ពឺទៅ ហើយពេលទឹកពីកំពង់ស្ពឺ ទៅដល់កំពង់ទួល ក្រុមការងារត្រូវចាត់ចែងបែងចែកទឹកនេះជា០២ផ្នែក គឺមួយផ្នែកត្រូវបង្វែរចូលទៅទន្លេបាទី តាមរយៈប្រឡាយលេខ៧៨ និងតាមរយៈស្ទឹងតូច ឯមួយផ្នែកទៀត ត្រូវទម្លាក់តាមព្រែកហូរ ចូលទៅទន្លេបាសាក់។
ក្រុមទី៤ និងក្រុមទី៥៖ ត្រូវប្រចាំការតាមដានស្ថានភាពទឹក និងរបាយទឹកភ្លៀង នៅស្ទឹងតាសាល ស្ទឹងឃ្លៀច និងស្ទឹងអូរតូចៗមួយចំនួនទៀត ដែលហូរចូលស្ទឹងព្រែកត្នោត និងក្រុមទី៦៖ (ក្រុមគ្រឿងចក្រធុនធ្ងន់) ត្រូវត្រៀមលក្ខណៈ២៤ម៉ោង លើ២៤ម៉ោង ដើម្បីអន្តរាគមន៍ក្នុងករណីចាំបាច់ ក៏ដូចជាត្រៀមជួសជុលឡើងវិញជាបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដែលអាចរងការខូចខាតដោយទឹកជំនន់៕