(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី​ផ្សព្វផ្សាយ​សភាពការណ៍​ថ្មី​ៗ​មួយ​ចំនួន​ជូន​ដល់​កងកម្លំាង​អន្តរាគមន៍​ របស់​បញ្ជាការ​ដ្ឋាន​វរសេនាតូច​លេខ​១​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ដែល​ជា​កម្លាំងត្រៀមបម្រុងអន្តរាគមន៍ ដោះស្រាយ​យថាហេតុ​ផ្សេង​ៗ​ដែល​អាច​កើត​ឡើង​នៅទូទាំង​ខេត្តកំពង់​ធំ។​

ការផ្សព្វផ្សាយ​សភាពការណ៍​នេះ គឺដើម្បី​រក្សា​សន្តិសុខ​ សណ្តាប់​ធ្នាប់​ សុវត្ថិភាព​ និង​សេចក្ដី​សុខ​សាន្ត​ជូនប្រជាជន​ ព្រម​ជាមួយ​នោះ​បាន​ប្រគល់​ភារកិច្ច​សំខាន់ៗ​មួយ​ចំនួន​បន្ថែម​ទៀត​ជូន​ដល់​កងកម្លំាង​ ក្នុង​ការ​ទទួល​ខុស​ត្រូវខ្ពស់​ចំពោះ​ភារកិច្ច​របស់​ខ្លួន។​

ក្នុង​ពិធី​នេះ​ផង​ដែរ​ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន រួមនឹងថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភជូនដល់កងកម្លំាងនូវអង្ករ​ចំនួន​ ២៥០គីឡូក្រាម មីយើង ១០កេះ​ ត្រីខ​កំប៉ុង​​ ៤កេះ សាច់​កំប៉ុង ២កេះ និង​ថវិកា​មួយ​ចំនួន​។

កងកម្លាំងបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់គ្នា សូមប្តេជ្ញាចិត្តដាច់ខាតគាំទ្រ និង​ការ​ពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ ដែល​ដឹកនាំ​ដោយ​សម្តេចតេជោ ហ៊ុន សែន​។​ ប្រឆាំង​ដាច់​ខាត​រាល់​ការ​ញុះញង់​បំបែក​បំបាក់​កងកម្លាំងប្រដាប់​អាវុធ​ ពី​សំណាក់​ជន​ក្បត់ជាតិ​ ដែលតែងតែលាបពណ៌ប្រជាពលរដ្ឋឲ្យស្អប់គ្នាទៅវិញទៅមក៕