(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសាខា សាកលវិទ្យាល័យ «បញ្ញាសាស្រ្តកម្ពុជា» ខេត្តសៀមរាប នាយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំនិស្សិត នៃសាកលវិទ្យាល័យ «បញ្ញាសាស្រ្តកម្ពុជា» ចំនួន១០នាក់ ចេញដំណើរទៅទស្សនកិច្ចសិក្សា ផ្លាស់ប្តូរវប្បធម៌ អរិយធម៌ និងសិក្សា ពីការធ្វើការងារសហគមន៍ នៅសាកលវិទ្យាល័យ «Bridgewater State University» រដ្ឋ Massachusetts សហរដ្ឋអាមេរិក។
ដំណើរទស្សនកិច្ចសិក្សា ផ្លាស់ប្តូរវប្បធម៌ អរិយធម៌ និងសិក្សា ពីការធ្វើការងារសហគមន៍ នៅសាកលវិទ្យាល័យ Bridgewater State University ខាងលើនេះ គឺមានការសហការរៀបចំ រវាងសាខាសាកលវិទ្យាល័យ «បញ្ញាសាស្រ្តកម្ពុជា» ខេត្តសៀមរាប និងសាកលវិទ្យាល័យ «Bridgewater State University» រដ្ឋ Massachusetts សហរដ្ឋអាមេរិក។
ដំណើរទស្សនកិច្ចសិក្សានេះ គឺចាប់ផ្តើមពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ ដោយមានការដឹកនាំ ពីលោកសាស្រ្តាចារ្យ ឈួន សំលី និងលោកស្រីសាស្រ្តាចារ្យ អោ ម៉ាលីណែត និងនិស្សិត ចំនួន១០នាក់ ក្នុងនោះមាននិស្សិតប្រុសម្នាក់។ លោក-លោកស្រី សាស្រ្តាចារ្យ និងនិស្សិតទាំងអស់ នឹងទៅធ្វើទស្សនកិច្ច នៅតំបន់ប្រវត្តិសាស្ត្រ នៅទីក្រុង Boston, Plymouth, និងតំបន់ប្រវត្តិសាស្រ្ត ល្បីមួយចំនួនទៀត។
ពិសេសជាងនេះទៅទៀត និស្សិតនឹងមានឱកាស ទៅទស្សនកិច្ចសាកលវិទ្យាល័យដ៏ល្បី គឺសាកលវិទ្យាល័យ Harvard និង Massachusetts Institute of Technology ហើយនិស្សិតទាំងអស់ ក៏មានឱកាសបានសិក្សា វប្បធម៌ និងអរិយធម៌ របស់សហរដ្ឋអាមេរិក ក្នុងថ្នាក់រៀន ជាមួយសាស្រ្តាចារ្យដែលល្បីៗ នៅសាកលវិទ្យាល័យ Bridgewater State University។ និស្សិត ក៏មានឱកាសនៅទស្សនាទីក្រុងខ្មែរ នៅ Lowell ផងដែរ។
លើសពីនេះ និស្សិតទាំងអស់ នឹងមានឱកាសទៅធ្វើទស្សនកិច្ច នៅសាកលវិទ្យាល័យ ដែលមានវ័យចំណាស់មួយ នៅសហរដ្ឋអាមេរិក គឺ Yale University នៅរដ្ឋ Connecticut និងសាកលវិទ្យាល័យល្បីៗ មួយចំនួន ទៀតដូចជា សាកលវិទ្យាល័យ Georgetown University, Washington University នៅរដ្ឋ Washington D.C, សាកលវិទ្យាល័យ Virginia Tech University នៅរដ្ឋ Virginia និងសាកលវិទ្យាល័យ Colombia University នៅទីក្រុង New York ផងដែរ។
សូមបញ្ជាក់ថា សាខាសាកលវិទ្យាល័យ «បញ្ញាសាស្រ្តកម្ពុជា» ខេត្តសៀមរាប នឹងមានគម្រោងដឹកនាំ និស្សិតទៅទស្សនា នៅសាលកវិទ្យាល័យជាដៃគូ ក្នុង១ឆ្នាំ ឲ្យបាន២ដង តួយ៉ាងសម្រាប់ឆ្នាំ២០១៨នេះ នៅខែកក្កដានេះ ជាដំណើរទស្សនកិច្ចសិក្សាលើកទី១ និងមានដំណើរទស្សនកិច្ចលើកទី២ នៅចុងឆ្នាំ២០១៨៕