Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត ប៊ិន ឈិន ចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ៦ពាន់នាក់ នៅស្រុកបាទី និងស្រុកព្រៃកប្បាស ខេត្តតាកែវ

09-07-2018 18:06

(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ ចាប់ពីព្រឹករហូតដល់ល្ងាច លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ បានចំណាយពេលវេលា ចុះជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ ប្រមាណ៦ពាន់នាក់ នៅក្នុងឃុំចំនួន០៥ ស្រុកបាទី (ឃុំចំប៉ី ឃុំពារាម ឃុំចំបក់ ឃុំត្នោត និងឃុំដូង) និងឃុំចំនួន០១ (ឃុំតាំងយ៉ាប) នៃស្រុកព្រៃកប្បាស ខេត្តតាកែវ។

ការចុះសំណេះសំណាលនេះ ក៏អមដំណើរដោយ លោកបណ្ឌិត ស៊ូ ភិរិន្ទ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ និងជាប្រធានក្រុមការងារសេនាធិការ នៃក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ ព្រមទាំង លោក ឈួន ឆាម អនុប្រធានប្រចាំការក្រុមការងារសេនាធិការ នៃក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ និងលោក អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រុមការងារថ្នាក់កណ្ដាលចុះជួយ ស្រុក ឃុំ ផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីត្រង់ត្រាប់ស្ដាប់ប្រសាសន៍ ដ៏មានខ្លឹមសារទាក់ទងនឹង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ របស់លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ប្រជាពលរដ្ឋទាំងអស់ បានបង្ហាញការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ហើយប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ផងដែរ៕