(ព្រះវិហារ)៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានសហការជាមួយសហភាពសហពន័យុវជនកម្ពុជា (ស.ស.យ.ក) និងយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានចុះធ្វើយុទ្ធនាការដាក់ថ្នាំ អាលបែត នៅតាមផ្ទះប្រជាពលរដ្ឋចំនួន៨ភូមិ ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងថា ក្នុងគោលបំណងការពារនូវសុខភាពបងប្អូនប្រជាពលរដ្ឋពីជម្ងឺគ្រុនចាញ់ ជម្ងឺគ្រុនឈាននិងជម្ងឺផ្សេងៗទៀតនោះ ថ្ងៃនេះមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានសហការចាមួយសហភាពសហពន្ធ័យុវជនកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជាជាច្រើនរូប បានចុះធ្វើយុទ្ធនាការដាក់ថ្នាំអាលបែត ក្នុងពាងទឹក អាងទឹកនៅតាមខ្នងផ្ទះប្រជាពលរដ្ឋចំនួន៨ភូមិក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោក គួង ឡូ បានបន្តឲ្យដឹងថា ក្រៅពីការចុះដាក់ថ្នាំអាលបែតជូនគាត់ គឺយើងក៏បានធ្វើការផ្សព្វផ្សាយ និងពន្យល់គាត់ឲ្យគាត់ចេះសំអាតបរិស្ថានជុំវិញផ្ទះរបស់គាត់ ដោយប្រមូលនូវវត្ថុ ឬឧបករណ៍ចាស់ដែលនាំឲ្យដក់ទឹក ដូចជា សំបកកំប៉ុង សំបកកង់ឡាន សំបកកង់ម៉ូតូ ក៏ដូចជាឧបករណ៍ផ្សេងទៀតយកទៅកប់ចោល ព្រោះឧបករណ៍ទាំងអស់នេះ គឺជាមួលហេតុដែលនាំកកើតសត្វមុស ដែលអាចបង្ករគ្រោះថ្នាក់ដល់អាយុជីវិតដល់ក្រុមគ្រួសាររបស់យើង។ ចំណែកពាងទឹក ឬអាងទឹកយៀងត្រូវឧស្សាហ៍លាងសំអាតឲ្យស្អាត ហើយដាក់ថ្នាំអាលបែតចូលជាប្រចាំផងដែរ ពិសេសត្រូវគេងដាក់មុងជ្រលក់ថ្នាំគ្រប់ទីកន្លែង។
ជាមួយគ្នានេះផងដែរ លោក គួង ឡូ ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ យើងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ ដោយប្រកាន់យកការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ព្រោះសុខភាពជាកត្តាចំបាច់ណាស់សម្រាប់មនុស្សគ្រប់ៗរូប បើយើងគ្មានសុខភាពទេនោះយើងមិនអាចធ្វើអ្វីកើតនោះទេ។
ដោយឡែក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ មន្ទីរសុខាភិបាលខេត្តព្រះវិហារ មានផែនការចុះបាញ់ថ្នាំមុស តាមផ្ទះប្រជាពលរដ្ឋ និងនៅតាមទីសាធារណនានា ក្នុងសង្កាត់កំពង់ប្រណាកជាបន្តទៀត ដោយមានការឧបត្ថម្ភពីមន្ទីរអង្គាពមួយចំនួន និងដៃគូរអភិវឌ្ឍន៍ដើម្បីការពារការរាតត្បាតជម្ងឺគ្រុនឈាមឫជម្ងឺ ZIKA។ មន្ទីរសុខាភិបាលនិងបន្តសកម្មភាពនេះនៅគ្រប់ក្រុង ស្រុកក្នុងខេត្តព្រះវិហារចាបន្តបន្ទាប់ទៀត៕