(កំពង់ឆ្នាំង)៖ យ៉ាងហោចណាស់មានបុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៦នាក់ផ្សេងទៀតរងរបួសធ្ងន់-ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ៤គ្រឿង និងរថយន្ត៤គ្រឿងបុកគ្នា នៅតាមបណ្តោយផ្លូវជាតិលេខ៥ ទល់មុខក្លោងទ្វារវត្តភ្នំចំពុះ នៅខាងត្បូងស្ពានជ្រៃបាក់ប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងភូមិអណ្តូង

ស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។​

យោងតាមមន្ត្រីនគរបាលចរាចរណ៍នៅកន្លែងកើតហេតុបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៧៖០០នាទីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ដំបូងឡើយគឺរថយន្តទីតាន់១គ្រឿង បុកជាមួយ​ម៉ូតូគុប១គ្រឿង បណ្តាលឲ្យបុរសម្នាក់ឈ្មោះ ខឹម សាវឿន ហៅ(ពៅ) រស់នៅភូមិមានជ័យ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាអ្នកជិះម៉ូតូបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។​

ក្រោយកើតហេតុការណ៍រយៈពេល១៥នាទី ខណៈមានមនុស្សបង្អង់រថយន្តឈប់មើល ក៏មា​នរថយន្តយីឌុបភ្លៅប្រាំ ដឹកស៊ីម៉​ង់តិ៍ធ្វើដំណើរពីជើងទៅត្បូង ទំនងជាចាប់ហ្វ្រាំង
មិនស៊ី ទើបបុករះបន្ថែម ជាបន្តបន្ទាប់បណ្ដាលឲ្យមនុស្ស៦នាក់ទៀតរងរបួសធ្ងន់-ស្រាល។​

មន្ត្រីនគរបាលបន្តថា រថយន្តបង្កសរុប៤គ្រឿង ក្នុងនោះមានរថយន្ត តាកូមា១គ្រឿង រថយន្តទីកូ១គ្រឿង រថយន្តទីតាន់១គ្រឿង និងយីឌុប១គ្រឿង។ ដោយឡែកម៉ូតូទាំង៤គ្រឿងនោះ មានសេ១២៥ចំនួន២គ្រឿង ម៉ូតូម៉ាកគុប១គ្រឿង និង​តុកតុក១គ្រឿង។​

ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយឡែក រថយន្ត និងម៉ូតូ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ យករថយន្តទៅស្ទូចដឹកនាំយកទៅរក្សាទុក​ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រង់ចាំដោះស្រាយនៅពេលក្រោយ៕