(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមគ្នាជាមួយពិធីអបអរសាទរខួប១ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ នៅពហកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា រាជធានីភ្នំពេញ។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី០៥ ខែកក្កដា ក្រោមវត្តមានលោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហាប់ ទួច អគ្គនាយកវប្បធម៌ នៃក្រសួងវប្បធម៌ លោក ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក លោក គឹម សេដារ៉ា ប្រធានអាជ្ញាធរជាតិព្រះវិហារ និងលោក សោម រតនា តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា នៅទីស្ដីការក្រសួងវប្បធម៌។

លោករដ្ឋលេខាធិការ ជុច ភឿន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ជាសេនាធិការ នឹងប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងពិធីអបអរសាទរខួប១ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមគ្នានាថ្ងៃទី១៥ ខែកក្កដាខាងមុខ ចាប់ពីម៉ោង៤រសៀល នៅពហកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា រាជធានីភ្នំពេញ។

លោករដ្ឋលេខាធិការបន្តថា ពីធីអបអរសាទរនេះ ក៏នឹងធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រៅពីនេះក៏មានការចូលរួមពីមន្ត្រីទូត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងយុវជនប្រមាណ ៩ពាន់នាក់ផងដែរ។

ប្រធានអាជ្ញាធរជាតិព្រះវិហារ លោក គឹម សេដារ៉ា បានថ្លែងថា នាព្រឹកថ្ងៃទី១៥ ខែកក្កដា ខាងមុខ នៅបរិវេណប្រាសាទព្រះវិហារ ខេត្តព្រះវិហារ ក៏នឹងមានប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយនឹងមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណ ១,៥០០នាក់។

អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក លោក ផាន់ ណាឌី បានឱ្យដឹងថា នាព្រឹកថ្ងៃទី១៥ ខែកក្កដាដូចគ្នា នៅតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំឯណោះ ក៏មានរៀបចំពិធីអបអរសាទរខួប១ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ ដោយនឹងមានការចូលរួមពីលោកអភិបាលខេត្តកំពង់ធំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ អមជាមួយសិល្បៈ តន្ត្រីផ្សេងៗរបស់ប្រជាពលរដ្ឋនៅទីនោះ។

តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា លោក សោម រតនា បានថ្លែងដែរថា ក្នុងពិធីអបអរសាទរខួប១០ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមគ្នាជាមួយពិធីអបអរសាទរខួប១ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនោះ សមាជិក ស.ស.យ.ក ប្រមាណ៤ពាន់នាក់ ក៏នឹងចូលរួមរៀបចំពិធីនេះផងដែរ។

លោកអគ្គនាយក ហាប់ ទួច បានថ្លែងថា ពីធីដ៏មហោឡារឹកខាងលើនេះ ក៏មានកម្មវិធីផ្សព្វផ្សាយវប្បធម៌ជាច្រើនទៀត ដូចជាការសម្ដែងសិល្បៈ របាំ និងចម្រៀងវប្បធម៌នានា ការចាក់បញ្ចាំងវីដេអូផ្សព្វផ្សាយមួយចំនួនទៀត។

សូមជម្រាបថា ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។ ចំណែកឯតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧៕