(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២ ខែកក្កដានេះ បានអនុញ្ញាតឱ្យលោកស្រី Pauline Tamesis ជាអ្នកសម្របសម្រួល និងតំណាងអង្គការសហប្រជាជាតិ UNDP ប្រចំាកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងស្វែងយល់ពីកិច្ចសហការ បញ្ហាប្រឈម ដើម្បីឈានការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យកសិកម្មនៅកម្ពុជាបន្ត។
នាឱកាសនេះ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណជូនចំពោះ អង្គការសហប្រជាជាតិ UNDP ប្រចំាកម្ពុជា ដែលបានគ្រាំទ្រកម្ពុជាចាប់តំាងពីឆ្នំា ១៩៥៨ ដល់ឆ្នំា១៩៧៥ ហើយបន្តជួយ ឆ្នំា១៩៨០ រហូតដល់បច្ចប្បន្ន ជាពិសេសកិច្ចសហការលើកកម្ពស់ វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា ជាក់ស្តែងអង្គការសហប្រជាជាតិ UNDP ប្រចំាកម្ពុជាបានផ្តល់ការគ្រាំទ្រ ដល់រាជរដ្ឋាភិបាល គោលនយោបាយ បច្ចេកទេស និងថវិកាលើវិស័យកសិកម្ម ដូចជា ផ្តល់គម្រោងការពង្រឹងសមត្ថភាពមន្រ្តី និងកសិករលើបច្ចេកវិជ្ជាថ្មី ការបំរែបំរួលអាសធាតុលើកសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តភាព ដោយសំរេចបាននូវគោលដៅអាទិភាព តាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP) ដើម្បីធ្វើឲ្យប្រសើរឡើងចំណូលពីវិស័យកសិកម្ម សម្រាប់លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ដែលនេះជាមោនភាពនៃកិច្ចសហប្រតិបត្តិការ រវាងអង្គការសហប្រជាជាតិ UNDP និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានជម្រាបជូនអង្គការសហប្រជាជាតិ UNDP ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវការទីផ្សារលក់ផលិតផលលើដំឡូងមី ចេក ផ្លែមាន/តាង៉ែន និងស្វាយ។ល។ បន្ថែមទៀត ដែលកន្លងមក UNDP បានផ្តល់គម្រោងលើការផលិតដំឡូងមី រហូតដល់ការជួយបណ្តុះបណ្តាលបច្ចេកទេស និងឈានកាន់ទីផ្សារអន្តរាជាតិ ហើយជាមួយគ្នានេះដែរសូមឲ្យ UNDP បន្តជួយលើដំណំាស្វាយ ដោយកសិករកំពុងាជួបបញ្ហទីផ្សារ ដែល UNIDO គួរធ្វើការពង្រីកគម្រោងការងារ ក្នុងការជួយធ្វើការសម្របសម្រួល នូវលក្ខខ័ណ្ឌមួយចំនួនជាមួយប្រប្រទេសបញ្ជារទិញ រួមជាមួយនឹងវិធីការវេចខ្ចប់ ពីព្រោះកម្ពុជាមានសក្តានុពលលើការផ្គត់ផ្គង់ស្វាយមិនប្រកាន់រដូវ ដែលតាមការព្យាករណ៍ នៅឆ្នាំ២០១៩ កម្ពូជាអាចផលិតស្វាយកែវរមៀត មិនតិចជាងកន្លះលានតោន។
លោកស្រីប្រធានបានរាយការណ៍ជូន លោករដ្ឋមន្រ្តីថា កិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង UNDP មានលក្ខណៈល្អប្រសើរជាមួយដៃគូអភិវឌ្ឍន៍ ដោយកន្លងមក UNDP បានវិនិយោគលើវិស័យកសិកម្ម ផលិតកម្មកសិកម្ម ការបំរែបំរួលអាកាសធាតុ ភាពធន់ទ្រំា សុវត្តិភាពស្បៀង ដែលជួយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។
លោកស្រីប្រធានបានជម្រាបសួរលោករដ្ឋមន្រ្តីបន្ថែម៖១-ការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ២- ផលិតកម្ម និងការកែច្នែផលិតផល។ ៣- លទ្ធភាពទទួលបានទីផ្សារសម្រាប់កសិករ និង៤- ការចែករំលែកពត័មានអំពីកម្មវិធី UNDP រយៈពេល ៥ ឆ្នំាដែលបានគ្រោងអនុវត្តបន្តជួយលើវិស័យកសិកម្ម។
ជាការឆ្លើយតបលោករដ្ឋមន្រ្តី បានជម្រាបបា្រប់ទៅភាគី UNDP ថាវិស័យកសិកម្មពិតជាត្រូវការអ្នកវិនិយោគ លើការផ្តល់បច្ចេកទេស ការទុកដាក់ វេចខ្ចប់ និងការស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្មទំាងក្នុងប្រទេស និងក្រៅ និងការជួយគ្រាំទ្រពីដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និងកិច្ចសហការណ៍យ៉ាងល្អប្រសើរក្នុងឆន្ទះតែមួយ គឺពង្រឹងលទ្ធភាពប្រកួតប្រជែងផលិតផលកម្ពូជា ដើម្បីបម្រើឱ្យសេចក្តីត្រូវការក្នុងស្រុក និងធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ជាការឆ្លើយតបលោកស្រីប្រធាន បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី ដែលបានផ្តល់អនុសាសន៍ដ៍ល្អ សម្រាប់កិច្ចសហការលើវិស័យកសិកម្ម ជាពិសេសការវិនិយោគ និងទីផ្សារ សម្រាប់ផលិតផលកសិកម្មនៅកម្ពុជា ហើយ UNDP នៅតែបន្តការគ្រំាទ្រទំាងបច្ចេកទេស និងថវិការសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរិតចំណងនៃកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែប្រសើរឡើង៕