(ស្វាយរៀង)៖ មានរថយន្តយីឌុបធុនយក្ស៥គ្រឿង បើកឆ្លងដែនពេលយប់ ពេលនោះសមត្ថកិច្ចដាក់ការសង្ស័យថា រថយន្តដឹកឈើប្រណិត ក៏ស្ទាក់ចាប់បាន២គ្រឿង ប៉ុន្តែពេលឆែកក៏រកឃើញមានបង្កប់ស្រាប្រភេទ Hennessy និង XO គេចពន្ធចំនួន៤កេស និងម៉ូតូ៣-៤គ្រឿងប៉ុណ្ណោះ។
មន្រ្តីនគបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង បានឲ្យដឹងថា កាលពីវេលាម៉ោង១០៖៣០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋរាយការណ៍ថា មានរថយន្តយីឌុប៥គ្រឿង ផ្ទុកទំនិញពេញគ្របជិតសង្ស័យថា ដឹកឈើប្រណិតឆ្លងដែនទៅប្រទេសវៀតណាម។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានស្ទាក់ឃាត់រថយន្តបាន២គ្រឿង នៅវេលាម៉ោង១១៖១០នាទីយប់ គឺ១គ្រឿងស្ទាក់បាននៅចំណុចជិតវត្តចេកវ៉ា ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍។ ក្រោមការសម្របសម្រួលដោយលោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ធ្វើការឆែកឆេរកវត្ថុតាងឈើប្រណិត ក៏ប៉ុន្តែការឆែកឆេនោះ រកពុំឃើញមានឈើប្រណិតទេ មានតែទំនិញគ្រឿងអេឡិចត្រូនិចជជុះ ដូចជា៖ ម៉ាស៊ីនត្រជាក់ ទូទឹកកក កង្ហារ លែនកាំម៉ារ៉ា។ លោកព្រះរាជអាជ្ញារង ក៏មិនឃាត់រថយន្តទេ អនុញ្ញាតឲ្យបន្តទៅកាន់ព្រំដែន។
លុះនៅវេលាម៉ោង១៖១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមិថុនា ក៏ឃាត់រថយន្តពាក់ស្លាកលេខភ្នំពេញ 3A-6237 យកមកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការឆែកឆេរ រកឃើញទំនិញគេចពន្ធ បង្កប់ក្នុងគ្រឿងអេឡិចត្រូនិច រួមមាន៖ ស្រា Hennessy និង XO ដបធំ ដបវែង ចំនួន៤កេស និងងមានកង្ហារ ទូទឹកកក ម៉ាស៊ីនត្រជាក់ ចង្ក្រានហ្គាស់ កាតាប ស្បែកជើង ខោអាវ គ្រឿងក្រឡៃ ចាន សំបកបារី និងអីវ៉ាន់ចាប់ហួយជាច្រើនមុខទៀត។
ទោះបីជាយ៉ាងណា មហាជននៅតែដាក់ចម្ងល់ថា ចាប់ឃាត់រថយន្តបានតែ២គ្រឿង ឯ៣គ្រឿងទៀត បានបើកចូលទៅប្រទេសវៀតណាមបាត់ស្រមោលតាមច្រករបៀងទាំងយប់។ បើទំនិញស្របច្បាប់ហេតុអី បានជាធ្វើចរាចរណ៍នៅពេលយប់អាធ្រាត្របែបនេះ។
ពួកគាត់បានលើកឡើងជាសំណួរថា តើរថយន្ត៥គ្រឿង ដែលចេញទៅប្រទេសវៀតណាមពេលយប់នោះ មានបង្កប់ទំនិញគេចពន្ធប៉ុន្មានទៅ ហើយឈ្មួញដែលជាម្ចាស់ទំនិញនេះ គេបង្ហើបថា ឈ្មោះ យាយ ណាំ ជាជនជាតិវៀតណាម មានប្តីខ្មែរ រកស៊ីជាង២០ឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចណាចាប់ឃាត់ពិនិត្យទេ ទើបធ្លាយរឿងដាក់ការសង្ស័យ ថាមានដឹកឈើប្រណិតឆ្លងដែន ទើបសមត្ថកិច្ចដាក់កម្លាំងស្ទាក់ចាប់ ហើយបែកធ្លាយរឿងបង្កប់ទំនិញគេចពន្ធ។ ពួកគាត់ថា សមត្ថកិច្ចតាមច្រករបៀង ជាអ្នកបើកដៃឲ្យឈ្មួញលោតឆត្រ័ពេលយប់៕