(បាត់ដំបង)៖ កម្លាំងនគរបាលជំនាញខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជូនជនសង្ស័យ២នាក់រួម និងវត្ថុតាងប្រភេទម៉ាទឹកកកចំនួន១១ ថង់ស្មើនឹង១១២.៩៤ក្រាម ទៅតុលាការ ដើម្បី​​ចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលស្រុកមោងឬស្សី សហការជាមួយកម្លាំងអន្តរាគមន៍ ប្រឆាំងបទល្មើស ស្នងការនគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងបទល្មើសជាក់ស្តែងកាលពីវេលាម៉ោង១០៖២០នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ នៅចំណុចក្រុមទី៣ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបងរួចមក។

លោក ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀន នគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា យោងតាមការស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃមក កម្លាំងជំនាញយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងបទល្មើសជាក់ស្តែងពីបទជួញដូរគ្រឿងញៀនខុសច្បាប់ និងរឹបអូសបានវត្ថុតាងមួយចំនួន។

លោក ស៊ាន សុណាល់ បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួននោះមាន ទី១៖ ឈ្មោះ មឿន សេងអ៊ូ ហៅសារ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិទី៦ ឃុំឃ្លាំងស្វាយ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ និងទី២៖ ឈ្មោះ ឡេង តេងឡុង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយដកហូតបានថ្នាំញៀនម៉ាទឹកកក១១ថង់មានទម្ងន់ស្មើនឹង១១២.៩៤ក្រាម រថយន្ត១គ្រឿងម៉ាក RX 300 ពណ៌ស សើរី២០០០ ពាក់ស្លាកលេខ ភ្នំពេញ2S-7747 អាវុធខ្លីម៉ាករ៉ូឡូ១ដើម និងគ្រាប់១២គ្រាប់ និងសម្ភារៈមួយចំនួនទៀត។

បន្ទាប់ពីបានសាក​សួរចម្លើយរួចមកសមត្ថកិច្ចការិ​យាល័យជំនា​ញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅតុលាការខេត្តបាត់ដំបងដើម្បីចាត់ការ​ តាមច្បាប់នីតិវីធីរួចហើយ៕