(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ស្អែកនេះ នឹងអញ្ជើញជា អធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១១ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា។
ភ្លើងសង្គ្រាមនៅកម្ពុជាចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ និង ធ្លាក់ខ្លួន ពិការរាប់លាននាក់។ ភ្លើងសង្គ្រាមនេះ ក៏បានបន្សល់នូវអតីតយុទ្ធជនកម្ពុជាជាច្រើន ដែលអ្នកខ្លះត្រូវធ្លាក់ខ្លួនពិការមកដល់ពេលបច្ចុប្បន្ន។
ក្រោយពេលភ្លើងសង្គ្រាមបានបិទបញ្ចប់ទាំងស្រុងតាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅចុងខែធ្នូ ឆ្នាំ១៩៩៨ នោះ អតីតយុទ្ធជនកម្ពុជា ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយទុក្ខលំបាកនៅក្នុងជីវភាពរបស់ពួកគេ។ នៅឆ្នាំ២០០៧ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងទិវាអតីតយុទ្ធជនកម្ពុជា ហើយតែងបានប្រារព្ធពិធីអបអរសាទរទិវានេះជារាងរាល់ឆ្នាំផងដែរ ដើម្បីរំលឹកនូវគុណូបការៈរបស់បងប្អូនអតីតយុទ្ធជន ដែលបានប្រឹងប្រែងតស៊ូ និងធ្វើពលីកម្មសព្វបែបយ៉ាង ដើម្បីមាតុភូមិកម្ពុជា។
ក្នុងទិវានេះទៀតសោត សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានអញ្ជើញចូលរួមផងដែរ ដែលជាការបង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជា។ បន្ថែមពី លើនោះ តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក៏បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយបញ្ហា និងជួយលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជនឲ្យបានកាន់តែល្អប្រសើរ។
នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមនិងថ្នាក់ដឹកនាំសមាគមន៍ដទៃទៀត ត្រូវបានគេមើលថា ចុះ ធ្វើសកម្មភាពព្រមៗគ្នាក្នុងការដោះស្រាយបញ្ហារបស់អតីតយុទ្ធជន ក៏ដូចជាការបែងចែកដី និងផ្ទះជាដើមសម្រាប់អតីតយុទ្ធជន។ តាម រយៈសកម្មភាពទាំងនេះ ធ្វើឲ្យអតីតយុទ្ធជនមានភាពកក់ក្តៅនៅក្នុងជីវិត និងបានយល់ថា ការលះបង់របស់ពួកគេសម្រាប់ជាតិមាតុភូមិពី អតីតកាលមិនត្រូវបានដាក់ដឹកនាំរាជរដ្ឋាភិបាលបំភ្លេចចោលនោះឡើយ។
នាយឧត្តមសេនីយ៍ គន់ គីម បានឲ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០១៨ នេះ សមាគមអតីតយុទ្ធជន មានសមាជិកសរុបចំនួន ៧៣,៩០៦នាក់ ក្នុងនោះ និវត្តជនចំនួន ២៣,១៧៦នាក់ ជនបាត់បង់សមត្ថភាពការងារចំនួន ១,៤៩៧នាក់ ជនពិការចំនួន ២៥,៩១១នាក់ គ្រួសារជនពលីចំនួន ២០,១៤៣នាក់ គ្រួសារជនមរណៈចំនួន ៣,១៧៩នាក់ ដែលមានអ្នកនៅក្នុងបន្ទុកប្រមាណ ១០៨,៨៧១នាក់។ ក្នុងនោះសមាគមអតីតយុទ្ធជនកម្ពុជាបានពង្រឹង និងពង្រីកការងារចាត់តាំងតាមរាជធានី ខេត្ត ទាំង ២៥ យ៉ាងរឹងមាំ ក្នុងនោះមានគណៈកម្មាធិការ ស.អ.ក. ក្រុង ស្រុក ខណ្ឌចំនួន ១៨៩ សាខា ស.អ.ក. ឃុំ សង្កាត់ចំនួន ១.៥៥៣ និងមានមន្រ្តីប្រតិបត្តិសរុបចំនួន ១៨.៨៨៨ នាក់ ។
លោកអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានបញ្ជាក់ថា រយៈពេលមួយឆ្នាំមកនេះ ថ្នាក់ដឹកនាំសមាគម ដែលជាសមាជិកគណៈអចិន្រ្តៃយ៍ ជាសមាជិកគណៈកម្មាធិការកណ្តាល ប្រធានកិត្តិយសសមាគមរាជធានី ខេត្ត និងថ្នាក់ដឹកនាំគណៈពង្រឹងគ្រប់ថ្នាក់ បានឆ្លៀតឱ កាសពីភារកិច្ចស្នូល ចុះជួបសួរសុខទុក្ខអតីតយុទ្ធជនជាសមាជិកសមាគម តាមមូលដ្ឋានយ៉ាងសកម្មផុលផុស។ ដោយឡែក ប្រធានកិត្តិយស និងថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ក៏បានបែងចែកភារកិច្ចចុះជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងគ្រួសារ តាមរូបភាពតូចៗ ពិសេសការចូលរួមពិធីបុណ្យសព ការប្រគល់ប្រាក់ធានារ៉ាប់រងសង្គម ពិធីប្រគល់ផ្ទះស្នាក់នៅ និងការចុះធ្វើបច្ចុប្បន្នភាពជាដើម ។ល។
សម្រាប់ការបើកផ្តល់ប្រាក់បេឡាមរណសង្រ្គោះវិញ នាយឧត្តមសេនីយ៍ គន់ គីម បានឲ្យដឹងថា បានដំណើរកាន់តែល្អប្រសើរជាលំដាប់ ពិសេសការចុះប្រគល់ប្រាក់ដល់ដៃគ្រួសារសពបានទាន់ថ្ងៃបុណ្យតែម្តង។ លើការជាក់ស្តែងឃើញថានៅក្នងខែនីមួយៗ មានសមាជិកសមាគមទទួលមរណភាព គឺប្រមាណពី ១២០សព ទៅ ១៦០សព ដោយមូលហេតុ សើរើមុខរបួស មានជំងឺប្រចាំកាយ ចាស់ជរាមានសុខភាពចាស់ទ្រុឌទ្រោម និងគ្រោះថ្នាក់ជាយថហេតុផ្សេងៗ ដែលជាមូលហេតុនៃការកើនឡើងជាបន្តបន្ទាប់។
លោកអគ្គលេខាធិការសមាគមបានឲ្យដឹងថា រយៈពេល៤ ខែដើមឆ្នាំ ២០១៨ នេះ សមាជិកទទួលមរណភាព មានចំនួន ៥៧២សព បើប្រៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧ កន្លងទៅ កើនឡើង ៨១ សព។ លោកបន្តថា ជាការពិតបេឡាមរណសង្គ្រោះរបស់សមាគម មានកម្រិតទ្រទ្រង់បានប្រមាណ ១០០សពប៉ុណ្ណោះ ប៉ុន្តែដោយសារការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ប្រធាន ដែលបានជួយឧបត្ថម្ភបន្ថែមកង្វះខាតនេះ ទើបធ្វើឲ្យសមាគមកាន់តែមានលទ្ធភាពក្នុងការប្រគល់ ប្រាក់បេឡាមរណសង្គ្រោះបានទាន់ពេលវេលា។ ជាមួយនេះកិច្ចសហការជាមួយក្រសួងសង្គមកិច្ច និងយុវនីតិសម្បទា បើកផ្តល់ប្រាក់ធានារ៉ាប់រងសង្គម (ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកដំបូង) ក៏បានបើកផ្តល់ដល់ដៃគ្រួសារសព មានសន្ទុះឆាប់រហ័សជាងមុនផងដែរ។
នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា ក្នុងចន្លោះខួបទី ១០ មកខួបទី ១១ នេះ សមាគមអតីតយុទ្ធជនកម្ពុជាតាមរាជធានី ខេត្ត បានបើកផ្តល់ប្រាក់បេឡាមរណសង្រ្គោះជូនដល់គ្រួសារសពសមាជិកសរុបបានចំនួន ១,៥៣២ សព ក្នុងនោះថវិការបស់សម្តេចតេជោ ប្រធានមានចំនួន ២៩៧សព។
បើតាមនាយឧត្តមសេនីយ៍ គន់ គីម តាមរយៈនៃការធ្វើបច្ចុប្បន្នភាពកន្លងទៅបានរកឃើញអតីតយុទ្ធជនជាសមាជិកសមាគមដែលបានទទួលរបបឧបត្ថម្ភគោលនយោបាយពីរដ្ឋមានចំនួនសរុប ៧៣,៩០៦នាក់ និងមានសាច់ញាតិនៃក្រុមគ្រួសារគាត់សរុបមានចំនួន ២៣១,៩៣៨នាក់ ក្នុងនោះកូនដែលមានអាយុ ១៨ឆ្នាំឡើងចំនួន ២,២៤០នាក់។ សមាគមបានរកឃើញដែរថា អតីតយុទ្ធជន ដែលមានដីអត់ផ្ទះ ឬ មានផ្ទះមិនសមរម្យ ចំនួន ៣,០៥៧ គ្រួសារ, អតីតយុទ្ធជនដែលលំបាកខ្លាំងជាងគេ កំពុងរស់នៅជាមួយសាច់ញាតិបងប្អូន គ្មានទាំងដី គ្មានទាំងផ្ទះ មានចំនួន ៤,២៦១គ្រួសារ, អតីតយុទ្ធជនរស់នៅលើដីសាធារណៈ មានចំនួន ៦០៣គ្រួសារ។
ឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងរបស់វីរអតីតយុទ្ធជន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានគិតគូរយកចិត្តទុកដាក់ជាប្រចាំដល់សុខទុក្ខ និងការលំបាករបស់បងប្អូន។ ជាក់ស្តែងជារៀងរាល់ឆ្នាំ សម្តេចតេជោ តែងបានអញ្ជើញដោយផ្ទាល់ ឬ ចាត់តំណាងចុះជួបបងប្អូនអតីតយុទ្ធជន និងគ្រួសារ នៅភូមិអភិវឌ្ឍន៍ទាំង ៣ កន្លែង (កោះស្លា គូលែន និងភ្នំឆ័ត្រ)។ ក្នុងឆ្នាំ ២០១៧-២០១៨ នេះ សម្តេចតេជោប្រធាន បានសាងសង់ផ្ទះ ជូនអតីតយុទ្ធជនក្រីក្រ និងគ្រួសារ បានសរុបចំនួន ៦៩៩ខ្នង៕