(ភ្នំពេញ)៖ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» នេះគឺជាសុភាសិតបូរាណខ្មែរដែលឆ្លុះបញ្ចាំងយ៉ាងល្អពីតថភាពនៃនយោបាយប្រទេសកម្ពុជា។

ពីមួយជំនាន់ទៅមួយជំនាន់ទៀត អ្នកនយោបាយខ្មែរតែងតែប្រកាន់យកនយោបាយគំនុំសងសឹកមកធ្វើជាគោលដៅនៃការផ្តួលរំលំគ្នា ហើយបើអ្នកណាបានឈ្នះឡើងកាន់អំណាច ពួកគេតែងតែកម្ទេចអ្នកចាស់ឬអ្នកដែលមាននិន្នាការប្រឆាំងជាមួយខ្លួន។

នយោបាយគំនុំសងសឹកកាន់តែចាក់ឬសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ ហើយលទ្ធផលបានស្តែងឡើងយ៉ាងច្បាស់បំផុតនៅក្នុងជំនាន់ ប៉ុល ពត។ ពួកខ្មែរក្រហមបានយកគំនុំវណ្ណៈមកសងសឹកយ៉ាងព្រៃផ្សៃ ដោយពួកគេបានបែងចែកប្រជាជនចាស់ និងប្រជាជនថ្មី ឬហៅពួក ១៧ មេសា ដែលពួកគេត្រូវធ្វើបាប និងកាប់សម្លាប់យ៉ាងរង្គាលដើម្បីជាការសងសឹក។

ពួកខ្មែរក្រហមស្អប់អ្នកមាន និងអ្នកកាន់អំណាចមុនៗដោយចាត់ទុកអ្នកទាំងនោះជាសត្រូវដែលត្រូវតែកម្ទេចចោល។ ជាលទ្ធផល ជីវិតខ្មែរជាង ២ លាននាក់ត្រូវបានពួកអាវខ្មៅផ្តាច់ជីវិតយ៉ាងវេទនា និងយ៉ាងអយុត្តិធម៌ ក្រោមនយោបាយលុបបំបាត់វណ្ណៈសង្គម គ្មានកម្មសិទ្ធិឯកជន និងធ្វើឲ្យមនុស្សស្មើភាពគ្នារីឯអ្នកដែលនៅ សេសសល់ពីស្លាប់បានទទួលរងភាពខ្ទេចខ្ទាំខាងស្មារតីយ៉ាងដំណំ។

ក្រោយរបបខ្មែរក្រហមដួលរលំទៅ គណបក្សប្រជាជនកម្ពុជាដែលជាអ្នករំដោះប្រទេសចេញពីរបបវាលពិឃាតបានខិតខំកសាងប្រទេសឡើងវិញពីចំណុចក្រោមសូន្យ។ ការប្រមែប្រមូលធនធានមនុស្សដែលនៅសេសសល់ពីការកាប់សម្លាប់ដើម្បីមកជួយស្តារប្រទេសជាតិឡើងវិញគឺជាបេសកកម្មសំខាន់បំផុតកាលពីជំនាន់នោះ។ រីឯការកសាងធនធានមនុស្សថ្មីធ្វើឡើងក្រោមទិសស្លោក«អ្នកចេះច្រើនបង្រៀនអ្នកចេះតិច ~ អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ»។

នៅពេលដែលការស្តារប្រទេសឡើងវិញចេញពីគំនរផេះផង់បានបោះជំហ៊ានទៅមុខយ៉ាងលំបាកលំបិន ហើយបានទទួលលទ្ធផលគួរជាទីមោទនៈ ក៏ស្រាប់តែមានខ្មែរមួយក្រុមដែលរត់ទៅសម្ងំសុខពេលស្រុកមានអាសន្ននោះ នាំគ្នាជិះយន្តហោះ ពាក់ក្រវ៉ាត់ក អាវធំ វ៉ែនតាបែបហំហាន មកស្រែកឡូឡា តាំងខ្លួនជាអ្នកប្រជាធិបតេយ្យ អ្នកការពារសិទ្ធមនុស្ស ចេញមកឆ្ការដៃ ឆ្ការជើងប្រទិចផ្តាសារអ្នកដែលយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេស និងប្រជាជនចេញពីរណ្តៅមរណៈ។ ក្រុមនេះ ដែលមាន សម រង្ស៊ី ជាមេក្លោងបានមកជាន់ឈ្លីគេឯងដោយគ្មានកោតក្រែង។

លើសពីនេះ ពួកគេបានចម្លងយកនយោបាយគំនុំសងសឹក លាបពណ៌ និងបំបែកបំបាក់ខ្មែរដូចពួកខ្មែរក្រហមបេះបិត។ សម រង្ស៊ី កសាងប្រជាប្រិយភាពនយោបាយដោយប្រើការវាយប្រហារ ជេរប្រមាថបុគ្គល និងការលាបពណ៌ឲ្យមេដឹកនាំបក្សកាន់អំណាចថាជាអាយ៉ងយួន។ សម រង្ស៊ី តាំងខ្លួនជាសត្រូវស្លាប់រស់របស់របបដឹកនាំក្រុងភ្នំពេញរហូតដល់ហ៊ានប្រើពាក្យ«មានស៊ីអត់សែន មានសែនអត់ស៊ី»។

អ្នកនយោបាយកាកសំណល់ខ្មែរក្រហមរូបនេះក៏តាំងខ្លួនជាសត្រូវជាមួយអ្នកមានដោយចាត់ទុកក្រុមឧកញ៉ា មហាសេដ្ឋី ថាជាមុខសញ្ញាដែលត្រូវរឹបអូសទ្រព្យសម្បត្តិពេលដែលគាត់បានឡើងកាន់អំណាច។ សម រង្ស៊ី ក៏ចាត់ទុកប៉ូលិស ទាហាន មន្ត្រីរាជការ អាជ្ញាធរ និងមន្ត្រីតុលាការថា ជាសត្រូវដែលជាមុខសញ្ញាត្រូវកម្ចាត់ពេលដែលអំណាចធ្លាក់លើដៃរបស់គាត់។

តាមរយៈនយោបាយបំបែកបំបាក់ លាបពណ៌ និងគំនុំសងសឹកតាមបែប«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»នេះហើយទើបសង្គមខ្មែរស្គាល់ការបែកបាក់ជាថ្មី។ ក្រុមអ្នកគាំទ្រ សម រង្ស៊ី ផ្កាប់មុខទាំងឡាយ ជាពិសេសអ្នករស់នៅក្រៅប្រទេសមួយចំនួនមិនញញើតនឹងសាបព្រួសវប្បធម៌នយោបាយគំនុំសងសឹកឲ្យខ្មែរស្អប់ខ្មែរ ឲ្យពលរដ្ឋស្អប់មេដឹកនាំ ឲ្យខ្មែរស្អប់ជនជាតិដែលរស់នៅក្បែរខាង និងឲ្យអ្នកក្រស្អប់អ្នកមាន អ្នកតូចស្អប់អ្នកធំ។

ក្នុងមួយជីវិតនយោបាយរបស់ខ្លួន សម រង្ស៊ី បានសាបព្រួសវប្បធម៌នយោបាយអរិយភាពរវាងខ្មែរនិងខ្មែរតែរហូត។ មួយម៉ាត់ណាក៏គាត់ដៀលមេដឹកនាំបក្សកាន់អំណាច ម៉ាត់ណាក៏លាបពណ៌គេជាអាយ៉ង ទៅដល់ទីណាក៏គាត់ពឺតតែពីសំអុយប្រទេសជាតិខ្លួនឯងប្រាប់ដល់ពួកបរទេស។

គោលដៅរបស់ សម រង្ស៊ី គឺការតោងចាប់អំណាចតាមរយៈការបញ្ឆេះកំហឹងប្រជាពលរដ្ឋខ្មែរឲ្យស្អប់មេដឹកនាំគណបក្សប្រជាជនកម្ពុជា គឺគាត់មិនដែលខំសាងកេរឈ្មោះឲ្យល្អតាមរយៈការខិតខំបង្ហាញគោលនយោបាយ ឬការកសាងសមិទ្ធផល និងការជួយប្រជាពលរដ្ឋខ្លួនឯងដោយស្មោះត្រង់ម្តងណាទេ។ ប្រជាប្រិយភាពរបស់គាត់ដែលមានកន្លងទៅនេះគឺបានមកពីនយោបាយបង្កអរិយភាពជាមួយមេដឹកនាំបក្សកាន់អំណាច និងការបញ្ឆេះកំហឹងប្រជាពលរដ្ឋទាំងអស់។

ប៉ុន្តែ ជាសំណាងល្អ ប្រជាពលរដ្ឋខ្មែរភាគច្រើននៅតែរក្សាបាននូវសីលធម៌ កត្តញ្ញូតាធម៌ និងបានបង្ហាញពីភាពចាស់ទុំដោយពួកគេនៅតែបន្តគាំទ្រអំពើល្អ នៅតែបន្តផ្តល់តម្លៃនយោបាយបង្រួបបង្រួមជាតិ ដោយសារពួកគេយល់ថា ជាមួយគណបក្សប្រជាជនកម្ពុជា ទោះអ្នកស្ថិតនៅក្នុងនិន្នាការនយោបាយបែបណាក៏អាចរស់នៅជាមួយគ្នាបានលើកលែងតែអ្នកបំពានច្បាប់របស់រដ្ឋចេញ។

ដោយសារតែហេតុនេះហើយបានជា សម រង្ស៊ី បោះឆ្នោតមិនដែលឈ្នះលោក នាយរដ្ឋមន្ត្រី ហ៊ុន សែន ទេ។ ទីបំផុត សម រង្ស៊ី យល់ច្បាស់ថា ការតស៊ូតាមផ្លូវបោះឆ្នោតមិនអាចឈានទៅចាប់អំណាចបានឡើយ។

គាត់ក៏ប្តូរយុទ្ធសាស្ត្រទៅជាការផ្តួលរំលំតាមបែបបដិវត្តន៍ពណ៌វិញក្រោមផ្លាកមហាបាតុកម្ម។ មកដល់ដំណាក់កាលនេះ សម រង្ស៊ី រឹតតែបង្កើននយោបាយគំនុំសងសឹកទ្វេដង។ គាត់បង្កើនការញុះញង់ឲ្យពលរដ្ឋស្អប់មេដឹកនាំកាន់តែខ្លាំង។ សម រង្ស៊ី ធ្លាប់បានសាកល្បងប្រើចលនាបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលកាលពីក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ។ ប៉ុន្តែ ការសាកល្បងរបស់គាត់ទទួលបរាជ័យទាំងស្រុង។

ចាប់ពីពេលនោះមក ចលនាបដិវត្តន៍ពណ៌ដែលមានការជួយជ្រោមជ្រែងពេញទំហឹងពីបរទេស និងដែលធ្លាប់ទទួលជោគជ័យនៅបណ្តាប្រទេសមួយចំនួនដូចជាទុយនេស៊ី លីប៊ី អ៊ីរ៉ាក់ អេហ្ស៊ីប ជាដើមតែបែរជាបរាជ័យទាំងស្រុងនៅកម្ពុជា។ ពេលនេះ ប្រហែលជាមានប្រវត្តិវិទូខ្លះកំពុងអង្គុយសរសេរអំពីបរាជ័យនៃបដិវត្តន៍ពណ៌នៅកម្ពុជាដើម្បីចងក្រងជាសៀវភៅទុកឲ្យអ្នកជំនាន់ក្រោយអានបាត់ទៅហើយ។

ទោះជាទទួលបរាជ័យបែបនេះក៏ដោយ ក៏លោក សម រង្ស៊ី និងក្រុមរបស់គាត់នៅតែបន្តព្យាយាមដើម្បីសម្រេចបំណងដដែល។ ដោយមានការគាំទ្រពីក្រោយយ៉ាងពេញទំហឹងពីមហាអំណាចលោកខាងលិចមួយចំនួន និងដោយមានបណ្តាញលាក់មុខក្នុងអង្គការសង្គមស៊ីវិលក្នុងស្រុក និងបរទេសមួយចំនួនផងនោះ សម រង្ស៊ី នៅតែចិញ្ចឹមចិត្តប្រើប្រាស់បដិវត្តន៍ពណ៌ម្តងទៀតក្នុងការបោះឆ្នោតឆ្នាំ ២០១៨ នេះ។ ពួកគេនៅតែបន្តសាបព្រួសនយោបាយអរិយភាព គំនុំសងសឹក កាន់តែខ្លាំង រហូតដល់ហ៊ានបំពានច្បាប់ប្រទេស។ តែគាត់ភ្លេចគិតថា ច្បាប់មានអានុភាពអាចរំលាយអង្គការចាត់តាំងនយោបាយរបសគាត់បាន។ ទីបំផុត គណបក្សសង្គ្រោះជាតិក៏ត្រូវរលាយដោយអំណាចផ្លូវច្បាប់។

ដូច្នេះ ការរំលាយបក្សសង្គ្រោះជាតិដោយអំណាចសាលដីកាតុលាការកំពូលអាចនិយាយបានថា ជាការបិទបញ្ចប់សករាជនៃនយោបាយគំនុំសងសឹកពីប្រទេសកម្ពុជាហើយ ឬនិយាយតាមបែបម្យ៉ាងទៀត ជាការបិទបញ្ចប់មិនឲ្យស្រមោលរបបខ្មែរក្រហមវិលមកវិញបានឡើយ។

គណបក្សនយោបាយផ្សេងៗទៀត ជាពិសេសគណបក្សទាំង ២០ ដែលត្រូវប្រកួតគ្នាក្នុងការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ខាងមុខនេះសុទ្ធតែមានគោលនយោបាយទន់ភ្លន់ មិនជ្រុលនិយមដូចលោក សម រង្ស៊ី ឡើយ។ ពួកគេយល់ច្បាស់អំពីស្ថានការណ៍ស្រុកទេសដែលត្រូវការសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដើម្បីរក្សាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ទោះជាគណពក្សណាមួយឈ្នះឆ្នោតក៏ដោយ ក៏ខ្មែរអាចរស់នៅជាមួយគ្នាបានដោយសុខសាន្ត។ គ្មានសង្គ្រោះជាតិ គ្មាននយោបាយគំនុំសងសឹក គ្មានការវិលវិញនៃរបបខ្មែរក្រហម៕

ដោយ៖ សាស្ត្រាចារ្យ
វិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម