(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ បានបន្ដចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បាននាំការផ្តាំផ្ញើរសាកសួសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនប្រជាពលរដ្ឋ នៅភូមិក្របីជ្រុំទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែរួមសុខ រួមទុក្ខ និងជួយដោះស្រាយ ទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ពិសេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ វត្តអារាម បណ្តាញទឹក និងភ្លើង រហូតទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យដូចដែលបានឃើញសព្វថ្ងៃនេះ។
លោកអភិបាលខេត្ត បានជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋបន្តខិតខំបង្កបង្កើនផល បញ្ជូនកូនទៅសាលារៀន ថែរក្សាសុខភាពឲ្យបានល្អ និងរាយការណ៍ អំពីទុក្ខកង្វល់ បញ្ហាប្រឈម ឬសំណូមពរផ្សេងៗ ទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការសិក្សានិងដោះស្រាយជូន។
បន្ថែមពីនេះ លោក ម៉ុម សារឿន បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា កុំខានឲ្យសោះ ពីព្រោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជាតិ និងប្រជាជនគ្រប់ៗរូប ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន ដើម្បីជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រលាញ់ពេញចិត្ត ជាពិសេសគឺបោះឆ្នោតគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ មានសុខសន្ដិភាព ស្ថិរភាព សន្ដិសុខ និងសង្គមជាតិទាំងមូលមានភាពសម្បូរសប្បាយ។
គួរបញ្ជាក់ថា លោកអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត តែងតែចុះផ្សារភ្ជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដើម្បីដោះស្រាយនូវទុក្ខកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋចំនួន៥០០នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុងមួយ និងឧបត្ថម្ភស័ង្កសី តាមរយៈលោកអភិបាលខេត្តចំនួន១០០សន្លឹក ជូនវត្តភូមិក្របីជ្រុំ និងសាងសង់ផ្លូវ ក្រាលគ្រួសក្រហម១ខ្សែ ប្រវែង១គីឡូម៉ែត្រ ចូលទៅកាន់ភូមិក្របីជ្រុំ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ៕