(ភ្នំពេញ)៖ ការសិក្សាទៅលើផ្នែកតន្រ្ដី ពិតជាមានការពេញនិយមណាស់ក្នុងសាកលលោក ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ឃើញថាប្រទេសកម្ពុជា ក៏កំពុងមានសន្ទុះកើនឡើង ទៅលើការអប់រំផ្នែកតន្រ្ដីនេះដែរ។
កត្តាដែលនាំឲ្យមានការកើនឡើងលើវិស័យនេះ ក៏ព្រោះតែពលរដ្ឋខ្មែរ បានមើលឃើញពីសារៈប្រយោជន៍នៃតន្ដ្រី និងបានបញ្ជូនកូនមកសិក្សាលើផ្នែកនេះកាន់តែច្រើនឡើងៗ។
ថ្លែងក្នុងកម្មវិធីបើកសម្ពោធ សាលាដូរ្យតន្ដ្រី និងសិល្បៈស៊ីមហ្វូនី នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ អ្នកស្រី ហ៊ុន ជាឡេង អគ្គនាយិកាសាលាស៊ីហ្វូនី បានឲ្យដឹងថា «ការសិក្សាលើផ្នែកតន្ដ្រីនាពេលបច្ចុប្បន្ននេះ កំពុងមានសន្ទុះកើនឡើង ដោយអាណាព្យាបាលសិស្ស បានបញ្ជូនកូនមកសិក្សាលើផ្នែកដូរ្យតន្ដ្រីនេះច្រើន។ បើរំលឹកកាលពី៨ឆ្នាំមុន មិនសូវមានសិស្សមកសិក្សាលើផ្នែកតន្ដ្រីនេះឡើយ ព្រោះថាអាណាព្យាបាលមិនបានយល់ដឹង អំពីសារៈប្រយោជន៍ នៃការលេងតន្រ្ដីឡើយ»។
អ្នកស្រីបានបន្ដទៀតថា អ្វីដែលពិសេសទៀតនោះ ក្នុងឱកាសបើកសម្ពោធសាខាថ្មីនេះ សាលាបានបញ្ជូលនូវឧបករណ៍ភ្លេងខ្មែរចំនួន៦មុខទៀត ដែលផ្ដល់ដល់កុមារជាតិ និងអន្ដរជាតិ ឲ្យបានសិក្សាទាំងភ្លេងខ្មែរ និងភ្លេងបញ្ចឹមប្រទេស មានន័យថា កុមារជាតិ និងអន្ដរជាតិ អាចរៀនឧបករណ៍ភ្លេងបាន២ប្រភេទ ក្នុងពេលតែមួយ។
អ្នកស្រីបញ្ជាក់ទៀតថា សន្ទុះនៃការអប់រំផ្នែកតន្ដ្រីនេះ មានការកើនឡើង ដូច្នេះហើយសាលាដូរ្យតន្រ្ដីនៅកម្ពុជា ក៏កំពុងកើនឡើង និងមានភាពប្រកួតប្រជែងគ្នា តែអ្វីដែលសាលារបស់ខ្លួនបានផ្ដោត និងទទួលបានការគាំទ្រច្រើនពីសិស្សានុសិស្ស គឺសាលាបានផ្ដោតលើការយកចិត្តទុកដាក់ ក្នុងការបង្ហាត់បង្រៀនសិស្ស ពង្រឹងគុណភាព និងការយកចិត្តទុកដាក់យ៉ាងដិតដល់សិស្សានុសិស្ស។
មូលហេតុដែលនាំឲ្យមានការបើកសាខាថ្មីនេះ ត្រូវបានលោកស្រីអគ្គនាយិកាឲ្យដឹងថា បណ្ដាលមកពីកត្តាធំៗជាច្រើនរួមមាន៖
១៖ មានការទទួលគាំទ្រច្រើន ពីអាណាព្យាបាល និងសិស្សានុសិស្ស។
២៖ មើលឃើញពីភាពចាំបាច់ ក្នុងវិស័យសិល្បៈដូរ្យតន្ដ្រី។
៣៖ ចូលរួមចំណែកលើកស្ទួយការអភិវឌ្ឍន៍ក្នុងវិស័យសិល្បៈខ្មែរ គួបផ្សំនឹងសិល្បៈអន្ដរជាតិ។
សូមបញ្ជាក់ថា សាលាដូរ្យតន្ដ្រី និងសិល្បៈ ស៊ីមហ្វូនី បានបង្កើតមួយសាខាទៀតហើយ ដែលមានទីតាំងស្ថិតក្នុងផ្សារទំនើបអ៊ីអន២ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយសាខាចាស់ មានទីតាំងស្ថិតក្នុងសាខាទី១ បឹងកេងកង១ រាជធានីភ្នំពេញ៕