(ភ្នំពេញ)៖ ក្នុងជំនួបរវាងឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា លោក ប៉ាន់យ៉ារ៉ាក់ ពលទ័ព ជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ ភាគីទាំងពីរបានពិភាក្សាគ្នាលើការជំរុញលំហូរទេសចរពីគ្នាទៅវិញទៅមក និងរួមគ្នាទាក់ទាញទេសចរទីបី។
ក្រោយបញ្ចប់ជំនួប លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា កម្ពុជា-ថៃ នឹងជំរុញទេសចរទៅវិញទៅមកឲ្យបានកាន់តែច្រើន និងទេសចរបរទេសផងដែរ។ ព្រោះថៃគឺជាកន្លែងប្រមូលផ្តុំទេសចរបរទេស។ ថៃទទួលទេសចរបរទេសជាង៣០លាននាក់ ក្នុងមួយឆ្នាំៗ។
លោកបន្តថា ប្រទេសថៃ សម្បូរជើងហោះហើរត្រង់ពីប្រទេសនានាក្នុងពិភពលោក ដូចជាមកពីអឺរ៉ុប អាមេរិក អូសេអានី ជប៉ុន កូរ៉េ ចិន ខណៈដែលកម្ពុជាមិនទាន់មានជើងហោះហើរត្រង់ពីប្រទេសឆ្ងាយៗមួយចំនួននៅឡើយ។ ដូច្នេះហើយ នេះជាឱកាសដែលកម្ពុជាត្រូវសហការជាមួយប្រទេសថៃ ដើម្បីរួមគ្នាទាក់ទាញទេសចរប្រទេសទីបីឲ្យបានកាន់តែច្រើន។
លោកបន្តទៀតថា ថៃមានផលិតផល និងសេវាច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការទេសចរ ដូច្នេះកម្ពុជាគួរត្រូវរៀនសូត្តបទពិសោធន៍ល្អទាំងឡាយដែលថៃមាន។
គួរបញ្ជាក់ថា ឆ្នាំ២០១៧ ទេសចរថៃមកកម្ពុជាមានជិត ៤០ម៉ឺននាក់ តែទេសចរកម្ពុជាបានទៅលេងប្រទេសថៃមានជាង ៧០ម៉ឺននាក់ ច្រើនជាងទេសចរថៃមកលេងកម្ពុជា ហើយនៅឆ្នាំ២០១៨នេះ ប្រទេសទាំងពីរក៏រំពឹងទុកថា ទេសចរដែលទៅមកប្រទេសរៀងៗខ្លួននឹងបន្តកើនឡើងផងដែរ ប៉ុន្តែត្រូវតែមានការបើកច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ ឲ្យបានច្រើនថែមទៀតដែរ។
លោកបានលើកឡើងថា ថ្វីដ្បិតភាគីទាំងពីរចាំបាច់ត្រូវបើកច្រកទ្វារអន្តរជាតិបន្ថែមក៏ពិតមែន ប៉ុន្តែការសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទេសចរ ក៏ត្រូវយកចិត្តទុកដាក់ផងដែរ។ លោកថា ត្រង់ចំណុចនេះកម្ពុជាកំពុងពិភាក្សាលើការសម្រួលការដឹកជញ្ជូនទេសចរពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិទាំងឡាយ ឲ្យភ្ញៀវទេសចរដែលមកពីប្រទេសថៃងាយស្រួលក្នុងការធ្វើដំណើរទៅមក ពិសេសបែបបទចេញចូលសម្រាប់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ឬជាគ្រួសារ ដើម្បីឲ្យស្របទៅនឹងនិន្នាការថ្មី គឺទេសចរណ៍បើកបរដោយខ្លួនឯង។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឲ្យភាគីថៃជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ក្នុងវិស័យទេសចរណ៍ផងដែរ ព្រោះថៃមានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យទេសចរណ៍ ក៏ដូចជាការគ្រប់គ្រងរមនីយដ្ឋានទេសចរណ៍ផងដែរ៕